(ពោធិ៍សាត់)៖ ទេសចរប្រហែលជាចងចាំមិនភ្លេចទេ ចំពោះទីតាំងអាជីវកម្ម រោងកាហ្វេភ្នំ ដ៏ល្បីមួយកន្លែង ប្រចាំស្រុកវាលវែង នៃខេត្តពោធិ៍សាត់។ បន្ទាប់ពីដំណើរការអស់រយៈពេលជិត៣ឆ្នាំ ទីតាំង១នេះ ត្រូវបានទទួលរងនូវការបោកបំផ្លាញខូចខាតទាំងស្រុង ដោយសារជំនន់ទឹកភ្លៀង ហូរច្រោះ កាលពីវេលាម៉ោង៩ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ម្ចាស់ហាងកាហ្វេ បាននិយាយថា ២០នាទី កម្លាំងទឹកហូរបាននាំយករោងការហ្វេ និងសំភារៈទាំងអស់បាត់ស្រមោលឈឹង! ភ្នំកាហ្វេ ស្រុកវាលវែង ៣ឆ្នាំហើយ ដែលអ្នកបានរួមចំណែកយ៉ាងសកម្ម ក្នុងការជួយដល់ការអភិវឌ្ឍន៍សហគមន៍ភ្នំ១៥០០ ឱ្យមានចរន្តសេដ្ធកិច្ច ជាពិសេសផ្នែកទេសចរណ៍មួយចំណែក សម្រាប់ខេត្តពោធិ៍សាត់ ពេលនេះត្រូវផ្អាកមួយរយៈពេលខ្លី ព្រោះទទួលរងការខូចខាតខ្លាំង ដោយសារជំនន់ទឹកភ្លៀង!»។

ទីតាំងខាងលើនេះ មិនទាន់រាប់បញ្ចូល ទីតាំងដ៏ទៃផ្សេងទៀត តាមបណ្តាឃុំ ក្នុងស្រុកវាលវែង ដែលទទួលរងការខូចខាត ដោយសារជំនន់ទឹកភ្លៀងនៅឡើយទេ។

សូមជម្រាបជូនថា កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ មានភ្លៀងធ្លាក់ជោគជាំជាប់ៗគ្នា បានក្លាយជាជំនន់ទឹកភ្លៀង បណ្តាលឱ្យជន់លិចកំណាត់ផ្លូវជាតិលេខ៥៥ ខូចខាតផលដំណាំ រលំរោង និងផ្ទះ ក្នុងឃុំមួយចំនួន នៃស្រុកវាលវែង ខេត្តពោធិ៍សាត់ តែមិនបណ្តាលឱ្យស្លាប់បាត់បង់អាយុជីវិតមនុស្សឡើយ។ ជុំវិញករណីនេះ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានអះអាងថា កម្ពស់ទឹកស្ទឹងវាលវែង បានស្រកចុះ ១,៤០ម៉ែត្រហើយ ខណៈកម្ពស់បច្ចុប្បន្ន ៨ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ១០ម៉ែត្រ) ព្រោះថាជំនន់ទឹកភ្លៀងនេះ គឺជន់ឡើងតែស្ទឹងធំ១ នៅស្រុកវាលវែង ខណៈដែលស្ទឹងធំ២ផ្សេងទៀត រួមមានស្ទឹងព្រៃខ្លុង និងស្ទឹងអារ៉ៃ ពុំទាន់ជន់ឡើងនៅឡើយ៕