(បាត់ដំបង)៖ រថយន្ត១គ្រឿង បានបើកក្នុងល្បឿនលឿន រួចជ្រុលទៅបុកអ្នកជិះម៉ូតូ ក្នុងទិសដៅច្រាស់ទិសគ្នា បណ្តាលឲ្យស្លាប់មនុស្ស៣ និងរបួស៦នាក់ នៅល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នៅចំណុចក្រុម៣ ភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្ត បាត់ដំបង។
មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងដោយសារតែរថយន្តបង្កនោះ បានបើកបរក្នុងល្បឿន តាមផ្លូវដីគេកំពុងសាងសង់ ឡើងចុះ ខ្ពស់ទាបផង បណ្តាលឲ្យ រថយន្ត ជ្រុលមកបុកនឹងម៉ូតូដែលបើកបរច្រាសទិសគ្នា ស្លាប់មនុស្ស៣នាក់ នឹងរបួសធ្ងន់ស្រាល៦នាក់។ មន្ដ្រីដដែលបញ្ជាក់ថា ជនរងគ្រោះ ទី១-ឈ្មោះ ហ៊ីង សុទីន ភេទស្រី អាយុ២៣ឆ្នាំ ទី២-ឈ្មោះ រស់ សុឃា ភេទស្រី អាយុ២៤ឆ្នាំ និងទី៣-ឈ្មោះ អេន សុរ៉ា ភេទស្រី អាយុ៣ឆ្នាំ អ្នកទាំងបីរស់នៅកន្លែងកើតហេតុ។ ចំណែកអ្នកបើកបររថយន្ត ឈ្មោះ ស្នា មិនស្គាល់ត្រកូល ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅស្រុកមោងឬស្សី និងអ្នករួមដំណើរទាំង៦ទៀត ត្រូវបានបញ្ចូនទៅសង្គ្រោះនៅមន្ទីពេទ្យ។ ក្រោយពេលកើតហេតុរថយន្ដ និងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយតាមក្រោយ៕