(ភ្នំពេញ)៖ លោក ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងការបើកកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់រយៈពេលបីថ្ងៃ ស្តីពី «ការវាយតម្លៃកម្រិតសន្តិសុខសាយប័រ» នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ ដោយមានការអញ្ជើញចូលរួមពីលោក YANAGAWA Shinji មន្ត្រីជាន់ខ្ពស់ទីភ្នាក់ងារ JICA ប្រចាំកម្ពុជា Dr. Michael Hugh GOLDSMITH នាយក Global Cyber Security Capacity Centre, រួមជាមួយក្រុមអ្នកជំនាញពីសាកលវិទ្យាល័យ Oxford នៃចក្រភពអង់គ្លេស តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សាកលវិទ្យាល័យ មន្ត្រីជំនាញនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងអ្នកជំនាញជប៉ុន។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងសិក្សាវាយតម្លៃកម្រិតសន្តិសុខសាយប័រ របស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការជួបពិភាក្សាប្រមូលធាតុចូល ជាមួយសាកលវិទ្យាល័យ ក្រសួង-ស្ថាប័នរដ្ឋ និងឯកជនពាក់ព័ន្ធ។

ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ ខូវ មករា បានបញ្ជាក់ថា ការលើកកម្ពស់កម្រិតសន្តិសុខសាយប័ នឹងចូលរួមចំណែកធ្វើឱ្យលំហសាយប័ររបស់កម្ពុជា កាន់តែមានភាពធន់ខ្ពស់ សុវត្ថិភាព និងភាពជឿជាក់ពីសំណាក់ប្រជាពលរដ្ឋ ធុរកិច្ចជន និងមន្រ្តីសាធារណៈ ហើយក៏នឹងចូលរួមចំណែកជាមួយដៃគូសហប្រតិបត្តិការសន្តិសុខសាយប័រក្នុងតំបន់ ក៏ដូចជាអន្តរជាតិ ដើម្បីរួមគ្នាឆ្លើយតបប្រកបដោយប្រសិទ្ធិភាពនិងទាន់ពេលវេលាលើឧប្បត្តិហេតុសាយប័រ ដែលមានលក្ខណៈកាន់តែស្មុគស្មាញ និងគ្មានព្រំដែនកំណត់។

ការលើកកម្ពស់កម្រិតសន្តិសុខសាយប័រ តម្រូវឱ្យមានការសិក្សាវាយតម្លៃមួយអំពីស្ថានភាពបច្ចុប្បន្ន និងការរៀបចំផែនទីបង្ហាញផ្លូវ សម្រាប់ការអភិវឌ្ឍសមត្ថភាពសន្តិសុខសាយប័រ ដោយផ្អែកលើគំរូរង្វាស់សន្តិសុខសាយប័រ (Cybersecurity Capacity Maturity Model) ដែលត្រូវបានប្រើប្រាស់ជាអន្តរជាតិ។ ការវាស់វែងនេះ នឹងផ្តល់ឱ្យយើងនូវទិន្នន័យជាលក្ខណៈវិទ្យាសាស្រ្តសម្រាប់៖ ១)ការកំណត់ច្បាស់នូវស្ថានភាពបច្ចុប្បន្ន ធៀបនឹងប្រទេសក្នុងតំបន់និងអន្តរជាតិ, និង ២)ការកំណត់នូវគោលដៅ យុទ្ធសាស្រ្ត សកម្មភាព និងមធ្យោបាយ ក្នុងដំណើរអភិវឌ្ឍសមត្ថភាព និងការគ្រប់គ្រងហានិភ័យក្នុងលំហសាយប័រកម្ពុជា ទៅតាមដំណាក់កាល ស្របនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាជាតិ, ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥, និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥ ។

លោករដ្ឋលេខាធិការ សង្ឃឹមថាកិច្ចប្រជុំនេះនឹងមានការចូលរួមយ៉ាងសកម្មក្នុងកិច្ចពិភាក្សា ព្រមទាំងផ្ដល់ធាតុចូលជាក់ស្តែង ដែលនឹងអាចប្រើប្រាស់ជាចំណុចចាប់ផ្ដើមដ៏មានសារៈសំខាន់ នៅក្នុងដំណើរការលើកកម្ពស់ភាពធន់សន្តិសុខសាយប័ររបស់កម្ពុជា៕