(ពោធិ៍សាត់)៖ ភ្លៀងធ្លាក់ជោគជាំជាប់ៗគ្នា ១យប់១ថ្ងៃ បានក្លាយជាជំនន់ទឹកភ្លៀង បណ្តាលឱ្យជន់លិចកំណាត់ផ្លូវជាតិលេខ៥៥ ខូចខាតផលដំណាំ រលំរោង និងផ្ទះ ក្នុងឃុំមួយចំនួន នៃស្រុកវាលវែង ខេត្តពោធិ៍សាត់ តែមិនបណ្តាលឱ្យស្លាប់បាត់បង់អាយុជីវិតមនុស្សឡើយ។ ករណីជំនន់ទឹកភ្លៀងនេះ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានអះអាងថា កម្ពស់ទឹកស្ទឹងវាលវែង បានស្រកចុះ ១,៤០ម៉ែត្រហើយ ខណៈកម្ពស់បច្ចុប្បន្ន ៨ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ១០ម៉ែត្រ)។

ប្រភពពីលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានឲ្យដឹងថា ស្ថានភាពទឹក គិតត្រឹមព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ កម្ពស់ទឹកស្ទឹងពោធិ៍សាត់ មានកម្ពស់ ៣.៣០ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៥ម៉ែត្រ), ស្ទឹងក្រវាញ មានកម្ពស់ ១.៧០ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៦ម៉ែត្រ), ស្ទឹងវាលវែង មានកម្ពស់ ៨ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ១០ម៉ែត្រ) និងកម្ពស់ទឹកទន្លេកពង់លួង ៥,៩០ម៉ែត្រ។

ប្រភពដដែលបន្ថែមថា កម្ពស់ទឹកភ្លៀង ២៤ម៉ោង មាន៦/៧ ក្រុង ស្រុក ទូទាំងខេត្តពោធិ៍សាត់ ក្នុងនោះ៖ ក្រុងពោធិ៍សាត់ ៣,៤មីលីម៉ែត្រ, ស្រុកភ្នំក្រវាញ ២០,៥មីលីម៉ែត្រ, ស្រុកវាលវែង ១៤៣មីលីម៉ែត្រ, ស្រុកបាកាន ១៧,៦មីលីម៉ែត្រ, ស្រុកក្រគរ ៤មីលីម៉ែត្រ និងស្រុកតាលោសែនជ័យ ២៤មីលីម៉ែត្រ។

ជាមួយគ្នា លោក កែវ វ័យ ក៏បានបញ្ជាក់អំពីស្ថានភាពជំនន់ទឹកភ្លៀងខាងលើ គឺពុំទាន់ស្ថិតក្នុងការប្រកាសអាសន្ននៅឡើយទេ ព្រោះជំនន់ទឹកភ្លៀងនេះ គឺជន់ឡើងតែស្ទឹងធំ១ នៅស្រុកវាលវែង ខណៈដែលស្ទឹងធំ២ផ្សេងទៀត រួមមានស្ទឹងព្រៃខ្លុង និងស្ទឹងអារ៉ៃ ពុំទាន់ជន់ឡើងនៅឡើយ។ បន្ថែមពីនោះ លោកប្រធានមន្ទីរធនធានទឹក ក៏បានជម្រាបជូនអំពីការកើនឡើងខ្លះដែរ នៅស្ទឹងបែកខាងក្រោម ពិសេសស្ទឹងពោធិ៍សាត់ ក្នុងចន្លោះពី២ទៅ៣ថ្ងៃខាងមុខ ប្រសិនបើកម្រិតទឹកភ្លៀងនៅតែបន្តធ្លាក់៕