(ព្រះសីហនុ)៖ អាជ្ញាធរខេត្តព្រះសីហនុ នៅព្រឹកព្រលឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យបើកចរាចរណ៍ឡើងវិញលើកំណាត់ផ្លូវជាតិលេខ៤ ក្រោយទឹកបានស្រកចុះ និងលែងហូរកាត់លើថ្នល់ជាតិទៀត។

អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានបញ្ជាក់ថា ក្រោយស្ថានភាពទឹកស្រកចុះ លែងហូរកាត់ថ្នល់ជាតិបន្តទៀតនោះ នៅព្រឹកថ្ងៃនេះ អាជ្ញាធរបានអនុញ្ញាតឲ្យបងប្អូនធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤ឡើងវិញ នៅឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ដែលត្រូវបានបិទកាលពីល្ងាចម្សិលមិញ ដោយសារទឹកហូរកាត់ខ្លាំង។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានបញ្ជាឲ្យសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធមួយចំនួន នៅប្រចាំការដើម្បីតាមដានពីស្ថានភាពទឹក ងាយស្រួលអន្តរាគមន៍បន្តទៀត។ សូមបញ្ជាក់ថា កាលពីម្សិលមិញ ដោយសារទឹកហូរកាត់ថ្នល់ជាតិលេខ៤ខ្លាំង ទើបអាជ្ញាធរសម្រេចផ្អាកចរាចរណ៍ជាបណ្តោះអាសន្ននៅលើកំណាត់ផ្លូវជាតិលេខ៤ នៅឃុំស្ទឹងឆាយ និងឃុំអូរបាក់រទេះ៕