(ភ្នំពេញ)៖ បុរសម្នាក់ដែលជាអ្នកបើក រថយន្តឲ្យក្រុមហ៊ុនផែស្ងួត «តេងឡាយ» ត្រូវបានគេប្រទះឃើញស្លាប់នៅកាប៊ីនរថយន្តកុងតឺន័រមួយគ្រឿង ដែលឈប់ចតនៅក្នុងផែរបស់ក្រុមហ៊ុន ដែលការស្លាប់របស់ជនរងគ្រោះនេះ គេមិនទាន់ដឹងថា ជាករណីអ្វីនោះទេ បើទោះបីជាអ្នកខ្លះសង្ស័យជាករណីឃាតកម្មក៏ដោយ។
ការភ្ញាក់ផ្អើល ប្រទះឃើញសពជនរងគ្រោះនេះ បានកើតឡើងនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ស្ថិតនៅក្នុងផែស្ងួត «តេងឡាយ» តាមបណ្ដោយផ្លូវអូរឌឹមកប់ស្រូវភូមិព្រៃស្វាយ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះមានឈ្មោះ ផាត់ វីរៈហៅរឿង អាយុ៣០ឆ្នាំមានស្រុកកំណើត នៅក្នុងភូមិក្រោលគោ ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀងនិងស្នាក់នៅក្នុងក្រុមហ៊ុនខាងលើ។ បើតាមសាក្សី ជនរងគ្រោះបានដេកស្លាប់នៅក្នុងកាប៊ីនរថយន្ត១គ្រឿង ម៉ាកនីស្សាន់ឌីសែល ពណ៌ខៀវពាក់ស្លាកលេខ ភ្នំពេញ3A-8639។ សម្រាប់ករណីខាងលើនេះ ខាងក្រុមហ៊ុន «តេងឡាយ» បានព្យាយាមលាក់បាំង និងដេញអ្នកកាសែត មិនឲ្យចូលទៅយកព័ត៌មាននោះឡើយ៕