(ភ្នំពេញ)៖ វិស័យធានារ៉ាប់រងនៅកម្ពុជា នៅឆមាសទី១ ឆ្នាំ២០១៦នេះ បានបង្ហាញពីការកើនឡើង គួរឲ្យគត់សម្គាល់ដែលការ កើនឡើងនេះ ដោយសារតែកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងការយល់ដឹងរបស់ប្រជាពលរដ្ឋ ក្នុងវិស័យនេះកាន់តែច្រើនឡើងផងដែរ។
របាយការណ៍របស់សមាគមធានារ៉ាប់រងកម្ពុជា បញ្ជាក់ថា បុព្វលាភធានារ៉ាប់រងដុល (ចំណូលការលក់ធានារ៉ាប់រង) នៅពាក់កណ្ដាល ឆ្នាំ២០១៦នេះ បានកើនឡើង៣៧ភាគរយ បើប្រៀបធៀបទៅនឹងចំនួនបុព្វលាភដុលសរុប កាលពីពាក់កណ្ដាលឆ្នាំ២០១៥ ដោយ បុព្វលាភធានារ៉ាប់រងនេះ កើនឡើងពី ៤០.៩លានដុល្លារអាមេរិក ទៅ៥៦លានដុល្លារអាមេរិក។
សមាគមធានារ៉ាប់រងកម្ពុជា បានឲ្យដឹងថា ត្រឹមពាក់កណ្ដាលឆ្នាំ២០១៦ កំណើនដ៏គួរឱ្យកត់សម្គាល់នេះ មានការរួមចំណែកពីការ កើនឡើងនៃវិស័យធានារ៉ាប់រង ទូទៅចំនួន១៦.២% និងចំនួន១១៣.២% នៃវិស័យធានារ៉ាប់រងអាយុជីវិត ដែលជាវិស័យថ្មីមួយ នៅកម្ពុជា។
លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បានថ្លែងប្រាប់អង្គភាព Fresh News នៅថ្ងៃទី១១ ខែសីហានេះថា នៅកម្ពុជា បច្ចុប្បន្នមានក្រុមហ៊ុនធានារ៉ាប់រង ទាំងអស់ចំនួន១១ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន៧ និងក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិត៤ក្រុមហ៊ុន។
លោក ហ៊ុយ វ៉ាថារ៉ូ បានបញ្ជាក់ថា មានកត្តាធំៗ២ ដែលនាំឲ្យវិស័យធានារ៉ាប់រងនៅកម្ពុជា រីកចម្រើនដោយ ទី១-សេដ្ឋកិច្ចរបស់កម្ពុជា រីកចម្រើន ដែលនាំឲ្យមានការវិនិយោគ របស់ក្រុមហ៊ុនជាច្រើននៅកម្ពុជា ហើយក្រុមហ៊ុនទាំងនោះ បានប្រើប្រាស់សេវាធានារ៉ាប់រង។ លើសនេះកំណើនសេដ្ឋកិច្ច បានធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋ កាន់តែធូរធា ក៏បានជំរុញឲ្យពួកគាត់ប្រើប្រាស់ សេវាធានារ៉ាប់រងកាន់ តែច្រើនផងដែរ។ សម្រាប់កត្តាទី២-គឺចំណេះដឹង របស់ប្រជាជន ដោយសារតែប្រជាជនកាន់តែច្រើនបានយល់ដឹង ពីសារសំខាន់ និងអត្ថប្រយោជន៍ នៃសេវាធានារ៉ាប់រង៕