លោក Donald Trump ប្រកាសចោទចំៗលើលោកស្រី Clinton និងលោក Obama ថាជាស្ថាបនិកក្រុមភេរវករ ISIS
11-08-2016 15:04
(វ៉ាស៊ីនតោន)៖ កាន់តែក្តៅគគុកទៀតហើយសម្រាប់ថ្ងៃនេះ ដោយលោក Donald Trump ដែលប្រកបដោយថ្វីមាត់ មិនចេះរីងស្ងួត បានចោទចំៗទៅលើលោកស្រី ហ៊ីលឡារី គ្លីនតុន និងប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ថាជាសហស្ថាបនិក នៃក្រុមរដ្ឋអ៊ីស្លាម ISIS ដែលកំពុងមានឥទ្ធិពលខ្លាំងនៅប្រទេសស៊ីរី និងអ៊ីរ៉ាក់។ នេះបើតាមការ ចេញផ្សាយនៅមុននេះបន្តិចដោយ Channel News Asia នារសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០១៦។
ថ្លែងចំពោះមុខក្រុមអ្នកគាំទ្រនៅទីក្រុង Fort Lauderdale រដ្ឋផ្លូរីដា ភាគអាគ្នេយ៍ សហរដ្ឋអាមេរិក លោក Trump បានលើកឡើងថា «ក្រុមសកម្មប្រយុទ្ធនោះ កំពុងតែស្វាគមន៍ប្រធានាធិបតី អូបាម៉ា។ គាត់ជាអ្នកបង្កើតក្រុម ISIS។ គាត់ជាអ្នកបង្កើត ISIS, ដឹងអត់? គាត់ជាស្ថាបនិក! គាត់បានបង្កើត ISIS។ ជាការពិតណាស់ សហស្ថាបនិក ប្រាកដជាលោកស្រី ហ៊ីលឡារី គ្លីនតុន»។
ខណៈដែលមានការស្រែកពាក្យចោទប្រកាន់ខាងលើនេះ ក្រុមអ្នកគាំទ្រលោក Trump រាប់ពាន់នាក់ ក៏បានស្រែកហ៊ោរ ដោយក្តីពេញចិត្តទៅនឹងអ្វីដែល មេដឹកនាំពួកគេ បានលើកឡើង។ វាជាការថ្លែងដោយអត្ថន័យចោទប្រកាន់ធ្ងន់ធ្ងរ លើកទីមួយហើយ សម្រាប់លោក Trump ទៅលើលោកស្រី គ្លីនតុន បន្ទាប់ពីមហាសេដ្ឋីរូបនេះ បានទទួលរងព្រនង់ នៃពាក្យរិះគន់ លើការបញ្ចេញមតិស្តីពីច្បាប់គ្រប់គ្រងកាំភ្លើងនៅអាមេរិក ដែលនាំឲ្យលោកស្រី គ្លីនតុន ហៅលោក Trump ថាជាមនុស្សចូលចិត្តបំផុសឲ្យមានអំពើហិង្សា៕