(បាត់ដំបង)៖ លោក សុខ លូ អភិបាល ខេត្តបាត់ដំបងនៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជួបសម្ដែងការគួរសមជាមួយ លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី ដើម្បីពិភាក្សាការងារចាំបាច់មួយចំនួន ដែលជំនួបសម្ដែងការគួរសមនេះ ប្រព្រឹត្តិនៅសាលប្រជុំB១ (VIP) សាលាខេត្តបាត់ដំបង។

លោក សុខ លូ បានថ្លែងស្វាគមន៍ចំពោះការអញ្ជើញមកដល់របស់លោកស្រី Teo Lay Cheng ដែលបានអញ្ជើញមកទស្សនកិច្ចសិក្សា នៅលើទឹកដីខេត្តបាត់ដំបង។

លោកបានបន្តទៀតថា បាត់ដំបងជាខេត្តដែលមានសក្ដានុពលខ្លាំងលើវិស័យកសិកម្ម ហើយខេត្តមួយនេះ កំពុងមានតម្រូវ
ការជាច្រើនខាងផ្នែកនេះ ដោយទាមទារឱ្យវិនិយោគិន ក្នុងស្រុក និងក្រៅស្រុក ចាប់អារម្មណ៍វិនិយោគផ្នែកកសិឧស្សាហកម្ម ដូចជាការកែច្នៃផ្លែឈើ ការយកផលិតផលកសិកម្មយកទៅកែច្នៃ ដើម្បីធ្វើការលក់ និងនាំចេញទៅក្រៅប្រទេស ព្រោះសព្វថ្ងៃនេះផលិតផលកសិកម្មជាច្រើន នៅមិន
ទាន់បានយកមកកែច្នៃអស់លទ្ធភាពនៅឡើយទេ ធ្វើឱ្យផលិតផលទាំងនោះលើសតម្រូវការទីផ្សារបណ្ដាលឱ្យមានការធ្លាក់ថ្លៃចុះ។

លោកបានបញ្ជាក់បន្ថែមថា ដោយសារតែខេត្តបាត់ដំបង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាខេត្តប៉ូលសេដ្ឋកិច្ចទី៤
នៃប្រទេសកម្ពុជា និងជាខេត្តគោលដៅទេសចរណ៍ដ៏សំខាន់ ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តក៏ចាប់ផ្ដើមល្អប្រសើរច្រើន មានផ្លូវអាស៊ានហាយវេ ដែលភ្ជាប់ពីរាជធានីភ្នំពេញ មកកាន់ខេត្តបន្ទាយមានជ័យតែម្ដង មានផ្លូវរថភ្លើង ដោយឡែកនៅពេលអនាគត រាជរដ្ឋាភិបាលក៏នឹង
មានគម្រោងសាងសង់ផ្លូវតភ្ជាប់ពីខេត្តសៀមរាប ឆ្ពោះមកខេត្តបាត់ដំបង ផ្ទាល់តែម្ដង ហើយបើសិនជាផ្លូវល្បឿនលឿនពីភ្នំពេញមកសៀមរាប និងផ្លូវពីសៀមរាបមកបាត់ដំបង ចេញរូបរាងនោះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិនឹងងាកមកកម្សាន្ត ខេត្តបាត់ដំបងកាន់តែច្រើនឡើងៗ ហើយខេត្តបាត់ដំបង ក៏នឹងក្លាយជាខេត្តទេសចរណ៍ដ៏សំខាន់ផងដែរ។

លោក សុខ លូ ក៏បានបង្ហាញអំពីផលិតផលអង្ករដែលមានគុណភាពនិងរសជាតុឈ្ងុយឆ្ងាញ់របស់កម្ពុជា ដែលកំពុងធ្វើការនាំចេញទៅក្រៅប្រទេស ក្នុងនោះក៏មានផងដែរនូវដំណាំម្រេចសំឡូត ដែលជាដំណាំមួយមិនសូវមានអ្នកស្គាល់ច្រើនដូចដំណាំម្រេចនៅកំពតឡើយ តែចំពោះដំណាំម្រេចសំឡូតនេះគឺត្រូវបានទទួលការលើកសរសើរអំពីគុណភាព និងរស់ជាតិឆ្ងាញ់មិនចាញ់ដំណាំម្រេចនៅឯខេត្តកំពតឡើយ៕