(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភានិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំជំរុញលើកទឹកចិត្តអាជ្ញាធរឃុំព្រៃគុយ ស្រុកកំពង់ស្វាយជួយដោះស្រាយបញ្ហានិងតម្រូវការពលរដ្ឋឱ្យបានទាន់ពេលវេលា។

លោកស្រី ឃួន ឃុនឌី បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។

លោកស្រីបានថ្លែងអំណរគុណ និងគាំទ្រទៅដល់អាជ្ញាធរឃុំព្រៃគុយដែលបានខិតខំប្រឹងប្រែងបម្រើបងប្អូនប្រជាពលរដ្ឋទាំងកម្លាំងកាយ ចិត្ត ដែលធ្វើឲ្យពួកគាត់មានទំនុកចិត្ត។

ជាមួយគ្នានេះដែរ លោកស្រីចូលរួមថវិកាទិញរឺម៉កដើម្បីមកដឹកសំរាមយកទៅចាក់ចោល កុំឲ្យមានក្លិនធ្វើឲ្យប៉ះ
ពាល់សុខភាពទៅដល់បងប្អូនប្រជាពលរដ្ឋ ហើយសមាជិកព្រឹទ្ធសភារូបនេះបានលើកទឹកចិត្តដល់មន្ត្រីគ្រប់រូបត្រូវធ្វើខ្លួនជាមន្ត្រីល្អជាអ្នកធ្វើការបម្រើស្ថាប័នអង្គភាពឲ្យមានការរីកចម្រើន និងបម្រើប្រជាពលរដ្ឋឲ្យបានពិតប្រាកដនិងជួយគាំពារជនងាយរងគ្រោះ។ លើសពីនេះបន្តយកចិត្តទុកដាក់ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន បន្តជំរុញ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ៕