(ឧត្តរមានជ័យ)៖ ស្ត្រីម្នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅផ្ទះរបស់ខ្លួន ក្រោយពីប្តីបានប្រើប្រាស់អំពើហឹង្សាវាយដំយ៉ាងដំណំ គ្រាន់តែជម្លោះពាក្យសំដីតិចតួចនៅក្នុងគ្រួសារ។

ករណីនេះបានកើតឡើងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១១៖១០នាទីព្រឹក នៅចំណុចផ្លូវលេខ ៩ ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានថ្លែងប្រាប់ឱ្យដឹងនៅរសៀលថ្ងៃនេះថា ជនសង្ស័យជាប្តីដែលវាយប្រពន្ធបណ្តាលឱ្យស្លាប់មានឈ្មោះ ញ៉ែម សារុំ អាយុ ៧១ឆ្នាំ ចំណែកជនរងគ្រោះជាប្រពន្ធដែលស្លាប់មានឈ្មោះ យឿន សៅ អាយុ ៦០ឆ្នាំ មានទីលំនៅភូមិកើតហេតុលើ។

លោកអធិការក្រុងសំរោង បានថ្លែងប្រាប់ឱ្យដឹងទៀតថា៖មុនពេលកើតហេតុ ជនរងគ្រោះជាប្រពន្ធបានប្រើប្តីឱ្យទៅផ្សារទិញម្ហូប ទៅបាត់ជាង១ម៉ោង លុះពេលប្តីត្រឡប់មកវិញស្រវឹងស្រា ប្រពន្ធក៏សួរនាំ ក៏កើតជាជម្លោះពាក្យសំដី រហូតប្តីប្រើអំពើហឹង្សាវាយទៅលើប្រពន្ធបណ្តាលឱ្យស្លាប់បាត់បង់ជីវិតតែម្តង។

ក្រោយហេតុការណ៍កើតឡើង និងទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ លោកបានដឹកនាំកម្លាំងជំនាញផែនការងារនគរបាលយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូស្មាច់ ចុះដល់ទីកន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យស្រាវជ្រាវ និងឃាត់ជនសង្ស័យខាងលើយកទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលអូស្មាច់ ដើម្បីធ្វើការសាកសួរនិងចាត់ការទៅតាមនីតិវិធី៕