(សិង្ហបុរី)៖ នារសៀលថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០២៣ នៅសាកលវិទ្យាល័យជាតិសិង្ហបុរី( National University of Singapore) លោកទេសរដ្ឋមន្ត្រី ព្រុំ សុខា បានជួបពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ ដានី ក័រស៌(Professor Danny QUAH) នាយកសាលាគោលនយោបាយសាធារណៈលីក្វាន់យូ (Dean of LKY School of Public Policy)។

នៅក្នុងកិច្ចពិភាក្សានេះ ក្រៅពីការថ្លែងអំណរគុណចំពោះសាលារដ្ឋបាលសាធារណៈលីក្វាន់យូដែលបានរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សសំរាប់កម្ពុជា លោកទេសរដ្ឋមន្ត្រី ព្រុំ សុខា ក៏បានស្នើសុំលោកនាយកសាលាគោលនយោបាយសាធារណៈលីក្វាន់យូ ដើម្បីសាលាពិនិត្យផ្តល់ឋានៈជាផ្លូវការជូនលោកទេសរដ្ឋមន្ត្រីផ្ទាល់ ជាសាស្ត្រាចារ្យរងខាងភាពជាអ្នកដឹកនាំ (Adjunct Lecturer / Professor of Leadership )។

លោកសាស្ត្រាចារ្យ ដានី ក័រស៍ (Professor Danny QUAH) បានឯកភាពទទួលយកការស្នើសុំ ហើយសំណើនេះត្រូវបានចាប់ផ្តើមរៀបចំដំណើរការតាមបែបបទរួចហើយ។

សូមបញ្ជាក់ថា កាលពី២២ឆ្នាំមុន គឺនៅឆ្នាំ២០០១ លោក ព្រុំ សុខា ដែលពេលនោះជារដ្ឋលេខាធិការក្រសួងមហាផ្ទៃបានទទួលអាហារូបករណ៍ លីក្វាន់យូ ( Ly Kuan Yew Fellowship) មកចូលរួមកម្មវិធីរយៈពេលពេញមួយឆ្នាំសម្រាប់ការសិក្សាថ្នាក់អនុបណ្ឌិតគ្រប់គ្រងសាធារណៈនៅសាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) ហើយដែលកម្មវិធីនេះ ត្រូវបានរៀបចំទ្បើងដោយមានកិច្ចសហការជាមួយសាលារដ្ឋបាលកេណ្ណឌី របស់សាកលវិទ្យាល័យហាវឺដ    សហរដ្ឋអាមេរិក (Kennedy School of Harvard )៕