(ភ្នំពេញ)៖ លោក ទូច ម៉េងឡេង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ តំណាងលោក ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា បានថ្លែងថា គម្រោង «ជីស៉ីសហគមន៍រុងរឿង» ជាការប្រឹងប្រែងអនុវត្តន៍ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក ទូច ម៉េងឡេង បានថ្លែងទៀតថា គម្រោង «ជីស៉ីសហគមន៍រុងរឿង» គឺជាគម្រោងការងារសង្គមមួយដែលក្រុមហ៊ុន ជីស៉ី ឡាយហ្វ៍ នឹងចុះទៅធ្វើការជាមួយប្រជាពលរដ្ឋនៅតាមសហគមន៍ដោយផ្ទាល់ជុំវិញខេត្ត-ក្រុងនានា រួមមានការផ្សព្វផ្សយអំពីការធានារ៉ាប់រង ការចែករំលែកចំណេះដឹងអំពីវិស័យហិរញ្ញវត្ថុ ការងារសហគមន៍ផ្សេងៗ រួមទាំងការពិនិត្យសុខភាពកម្រិតមូលដ្ឋានជាដើម ដែលស្តែងឱ្យឃើញនូវឆន្ទៈដ៏មុះមុតរបស់ក្រុមហ៊ុនក្នុងការចូលរួមចំណែកជួយដល់សហគមន៍វិញ តាមរយៈការងារសង្គម (ឬជាភាសាអង់គ្លេស Corporate Social Responsibility) របស់ខ្លួន និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ក្នុងការអនុវត្តតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២១-២០៣០ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ថ្លែងក្នុងកម្មវិធីសម្ពោធជាផ្លូវការនៃគម្រោង «ជីស៉ីសហគមន៍រុងរឿង» របស់ក្រុមហ៊ុន ជីស៉ី ឡាយហ្វ៍ អ៊ិនសួរេន ម.ក នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ លោកបន្ថែមថា «ការសម្ពោធជាផ្លូវការនៃគម្រោង «ជីស៉ីសហគមន៍រុងរឿង» ដោយប្រើប្រាស់មធ្យោបាយចល័តរថយន្ត ១គ្រឿងរបស់ក្រុមហ៊ុន ដែលបានកែលម្អ និងបំពាក់ទៅដោយសម្ភារៈទំនើបនិងសំបូរបែប បានបង្ហាញឱ្យឃើញនូវការពាំនាំគំនិតច្នៃប្រឌិតដ៏ល្អប្រសើរ និងកាលានុវត្តភាពថ្មីមួយសម្រាប់ក្រុមហ៊ុនផ្ទាល់ និងសម្រាប់វិស័យធានារ៉ាប់រងទាំងមូល ដើម្បីធ្វើការផ្សព្វផ្សាយ ក៏ដូចជាបញ្ច្រាបការយល់ដឹងអំពីវិស័យធានារ៉ាប់រង មិនត្រឹមតែនៅតាមបណ្តាទីប្រជុំជននៃខេត្ត-ក្រុងនានានោះទេ ប៉ុន្តែក៏ដូចជាប្រជាសហគមន៍នៅតាមថ្នាក់មូលដ្ឋានដាច់ស្រយាលផងដែរ»

បើតាមលោក ទូច ម៉េងឡេង ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២១-២០៣០ ក៏បានកំណត់ការបញ្ជ្រាបការយល់ដឹងអំពីមូលដ្ឋានគ្រឹះនៃការធានារ៉ាប់រង និងអត្ថប្រយោជន៍ធានារ៉ាប់រងជូនសាធារណជន ជាការងារអាទិភាព និងរយៈពេលវែងរបស់និយ័តករធានារ៉ាប់រងកម្ពុជា ដែលតម្រូវឱ្យមានការចូលរួមពីសំណាក់វិស័យឯកជន ជាពិសេសក្រុមហ៊ុនធានារ៉ាប់រងនិងអន្តរការីធានារ៉ាប់រង ដើម្បីសម្រេចឱ្យបាននូវគោលដៅរួមនេះផងដែរ។

ក្រុមហ៊ុន GC Life បានផ្តួចផ្តើមគម្រោងមួយដែលមានឈ្មោះថា GCSR ជាភាសាអង់គ្លេស និងជាភាសាខ្មែរ «ជីស៉ីសហគមន៍រុងរឿង»។ គម្រោងនេះ បង្កើតឡើងក្នុងគោលបំណងចូលរួមចំណែកជួយដល់សង្គម និងធ្វើឲ្យសហគមន៍កាន់តែប្រសើរឡើង តាមរយៈសកម្មភាពមួយចំនួនដែលផ្តោតទៅលើការអប់រំ, បរិស្ថាន, សុខភាព, និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ គម្រោង «ជីស៉ីសហគមន៍រុងរឿង»នេះ បានបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្តដ៏ មោះមុតរបស់យើងក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងដែលមានទំនួលខុសត្រូវខ្ពស់ចំពោះសង្គម និងការយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍនៅក្នុងសង្គមរបស់យើង។ ក្រុមហ៊ុន ជឿជាក់ថា ផ្នែកទាំងអស់នេះ គឺជាផ្នែកដ៏សំខាន់ដែលអាចបង្កើតឲ្យមាននូវផលវិជ្ជមានដល់សង្គម និងផ្តល់នូវអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់សង្គមរបស់យើង។

លោក ម៉ៃឃឺ ធី នាយកប្រតិបត្តិរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life បានឲ្យដឹងថា ចាប់តាំងពីការបង្កើតក្រុមហ៊ុនដំបូងនៅក្នុងឆ្នាំ២០១៧មក ក្រុមហ៊ុន GC Life បានចូលរួម និងបង្កើតនូវសកម្មភាពជួយដល់សង្គមជាច្រើនមកហើយ ក្នុងនោះរួមមាន ការឧបត្ថម្ភមូលនិធិជួយដល់មន្ទីរពេទ្យ និង ការបង្កើតនូវយុទ្ធនាការបរិច្ចាគឈាម។ ក្នុងវិស័យអប់រំ ក្រុមហ៊ុនបានសាងសង់កន្លែងលាងដៃ និង អណ្តូងទឹកនៅតាមសាលា បានឧបត្ថមអំពូលសូឡាសម្រាប់បំភ្លឺដល់សិស្សានុសិស្ស លើសពីនេះថែមទាំងមានការផ្តល់ជាអាហារូបករណ៍និងឱកាសកម្មសិក្សាផ្សេងៗដល់សិស្សនិស្សិតផងដែរ។ ក្រុមហ៊ុន ក៏មានសិក្ខាសាលា និងកម្មវិធីចែករំលែកចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងមានការឧបត្ថម្ភកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២៣៕