(ភ្នំពេញ)៖ សហព័ន្ធសហជីពយុវជនបញ្ញវន្ត សូមសម្តែងនូវការសោកស្ដាយយ៉ាងខ្លាំង ចំពោះការចោទប្រកាន់ពាក់ ព័ន្ធនឹងការផ្សព្វផ្សាយគាំទ្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរ យៈការផ្សព្វផ្សាយពាណិជ្ជកម្ម នៅលើផ្ទាំងប៉ាណូ (ឬផ្សព្វផ្សាយពាណិជ្ជកម្មតាម billboard)នៅតំបន់ Time Square ក្នុងអំឡុងពេលសម្ដេច អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាត អង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ ខែកញ្ញា ឆ្នាំ២០២៣។

សហព័ន្ធសហជីពយុវជនបញ្ញវន្ត បានបន្ថែមថា ការចោទប្រកាន់ពីក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូច ដែលមានចេតនាបំផ្លើសបំភ្លៃការពិត លាបពណ៌ ប្រឌិតព័ត៌មានបំពុលសាធារណៈជនទូទៅ ដោយគ្មានមូលដ្ឋាន និងគ្មានអំណះអំណាងច្បាស់លាស់ ដែលផ្ទុយពីការពិតទាំងស្រុង ក្នុងគោលបំណងកេងចំណេញនយោបាយ និងបំភាន់សាធារណៈមតិ។

សហព័ន្ធសហជីពយុវជនបញ្ញវន្ត បានមើលឃើញថា តាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្ម តាមផ្ទាំងប៉ាណូ គឺពុំមែនជាការចាត់តាំងឱ្យរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា ហើយក៏មិនមែនជាការចំណាយថវិការបស់រាជរដ្ឋាភិបាលនោះដែរ។ ប៉ុន្ត ការរៀបចំការផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូខាងលើ គឺផ្តើមចេញពីមនោសញ្ចេតនា ទឹកចិត្ត គោរពស្រឡាញ់ និងការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក និងកាណាដា ចំពោះសម្ដេចធិបតី។

សហព័ន្ធសហជីពយុវជនបញ្ញវន្ត សូមធ្វើការថ្កោលទោសចំពោះចេតនាបំភ្លៃព័ត៌មានផ្ទុយពីការពិត ដោយប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពីសំណាក់ក្រុមប្រឆាំងជ្រុលនិយម និងសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មេត្តាជួយមានវិធានការច្បាប់ទៅលើក្រុមប្រឆាំងជ្រុលនិយមទាំងនោះ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន៕