(ស្ទឹងត្រែង)៖ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាលខេត្តស្ទឹងត្រែង បានចែកអំណោយជូនដល់ ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ ជនពិការ កុមារកំព្រា និង ជនរងគ្រោះដោយសារគ្រោះធម្មជាតិផ្សេងៗ ចំនួន ១៩០គ្រួសារ ដែលមកពីឃុំចំនួន០៣ រួមមាន ឃុំ អូរ៉ៃ ឃុំ កាំងចាម និង ឃុំ ថាឡាបរិវ៉ាត ស្រុកថាឡាបរិវ៉ាត ខេត្តស្ទឹងត្រែង។

ពិធីចែកអំណោយ បានធ្វើឡើងស្ថិតក្រោមអធិបតីភាព លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលស្រុក ព្រមទាំង លោក លោកស្រី ដែលជា ប្រធាន អនុប្រធានមន្ទីរ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

បើតាមការបញ្ជាក់ពី លោក ស៊ុត វណ្ណា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទាខេត្ត បានឲ្យដឹងថា អំណោយដែលចែកជូនប្រជាពលរដ្ឋនៅពេលនេះ គឺជាអំណោយបានមកពីរាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ឋជន និង យុវនិតិសមទា និងថ្នាក់ដឹកនាំខេត្តផងដែរ ដែលក្នុង០១គ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ និងភួយ១ ផងដែរ។

លោក ស្វាយ សំអ៊ាង បានលើកឡើងថា ដោយមើលឃើញពីស្ថានភាពរបស់ប្រជាពលរដ្ឋ​ដែលជួបការលំបាកលើជីវភាពរស់នៅប្រចាំថ្ងៃ ពិសេស ប្រជាពលរដ្ឋ ក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ ជនពិការ កុមារកំព្រា និង ជនរងគ្រោះដោយសារគ្រោះធម្មជាតិ ផ្សេងៗ  ដែលត្រូវការជំនួយឧបត្ថម្ភពីរាជរដ្ឋា​ភិបាលអាជ្ញា​ធរ​គ្រប់លំដាប់ថ្នាក់ និងសប្បុរសជននានា។ ដោយក្នុងនោះ ក្រសួង​សង្គមកិច្ចអតីតយុទ្ធជន និងយុវនីសម្បទា ដែលមានមន្ទីរសង្គមកិច្ចខេត្តស្ទឹងត្រែង ជាសេនាធិការឲ្យក្រសួង បាននាំយកអំណាយរបស់រាជរដ្ឋាភិបាល មកចែកជូនប្រជាពលរដ្ឋនៅពេលនេះដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាដែលជួបប្រទះ ខ្វះខាត និងដោះស្រាយជីវភាពរបស់បងប្អូនបានមួយកំរិត សំដៅការអភិវឌ្ឍ រួមចំណែកលើកកម្ពស់ជីវភាពរបស់បងប្អូនឲ្យកាន់តែល្អថែមទៀត ។

លោកបន្តថា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា អាណត្តិទី៧នេះ និងបន្តធ្វើឲ្យប្រទេសមានសុខសន្តិភាព និងបានកសាងអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័នលើគ្រប់វិស័យរួមមានសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ វត្តអារាម ព្រមទាំងបានយកចិត្តទុកដាក់គិតគូសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស គឺមិនឲ្យប្រជាពលរដ្ឋ ខ្វះខាតលំបាកអ្វីឡើយ។ ជាក់ស្តែង នៅពេលនេះរាជរដ្ឋាភិបាលបាននាំយកអំណោយឲ្យតាមរយៈមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ធ្វើការចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋជួបនៅការលំបាកខ្វះខាត ចំនួន ១៩០ គ្រួសារនៅក្នុងស្រុក ថាឡាបរិវ៉ាត ដើម្បីដោះស្រាយជីវភាព និងទុក្ខលំបាក់របស់ប្រជាពលរដ្ឋបានមួយកម្រិត។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ស្វាយ សំអ៊ាង ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន មានភូមិ ឃុំ សង្កាត់ ទាំងអស់ ដែលតែងតែបានចូលរួមសហការ និងជួយសង្រ្គោះដល់ប្រជាពលរដ្ឋក្នុងខេត្តគ្រប់ស្ថានភាព គ្រប់ហេតុការណ៍ ដោយយើងនៅជាមួយប្រជាជន រួមរស់ជាមួយប្រជាជន គ្រប់កាលៈទេសៈ៕