(ភ្នំពេញ)៖ មួយរយៈពេលចុងក្រោយនេះ ប្រជាពលរដ្ឋនៅខ្មែរបាននាំគ្នាកោតសរសើររាជរដ្ឋា​ភិ​បាល​​ថ្មី​របស់ថៃ ដែលបញ្ចេញកញ្ចប់ថវិកាជួយដល់កសិករ និងពលរដ្ឋខ្វះខាត ហើយក៏បែរមក​បង្អាប់​​រាជ​​រដ្ឋា​ភិបាលខ្មែរ។

ការលើកឡើងនេះ ប្រហែលជាពួកគាត់ភ្លេចថា រាជរដ្ឋាភិបាលខ្មែរបានអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់​ប្រាក់​ដល់ប្រជាពលរដ្ឋក្រីក្ររងផលប៉ះពាល់ ដោយសារឥទ្ធិពលជំងឺកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចសកល​តាំង​ពីឆ្នាំ២០២០មកម្ល៉េះ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យ​ដឹង​ថា ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាល​ចំណាយ​ជាង១ពាន់លានដុល្លារហើយសម្រាប់កម្មវិធីជួយចិញ្ចឹមប្រជាពលរដ្ឋនេះ ហើយក៏កំពុង​បន្ត​ជួយ​ឧបត្ថម្ភសាច់ប្រាក់រហូតមកដល់ពេលបច្ចុប្បន្ននេះផងដែរ។

ចំនួនពលរដ្ឋកំពុងទទួលបានការជួយចិញ្ចឹមពីរាជរដ្ឋាភិបាលនេះ មានក្បែរ ៧០ម៉ឺនគ្រួសារ ស្មើនឹង​ជិត ៣លាននាក់ គិតជាទឹកប្រាក់ជាង ១២៥ពាន់លានរៀលក្នុងមួយខែ។

ក្រៅពីជួយឧបត្ថម្ភសាច់ប្រាក់ដែលពលរដ្ឋក្រីក្រទូទៅហើយនោះ រាជរដ្ឋាភិបាលក៏ជួយឧបត្ថម្ភ​សាច់​ប្រាក់ជូនកម្មករ និយោជិត ដែលបាត់បង់ការងារផងដែរ។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាល ក៏មាន​កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីក្រីក្រចាប់ពីពេលសម្រាល រហូតដល់កូនអាយុក្រោមពីរឆ្នាំ និង​ជួយឧបត្ថម្ភដល់កម្មការិនីពីកំលុងពេលមានផ្ទៃពោះ រហូតដល់កូនអាយុក្រោមពីរឆ្នាំ និងពេលសម្រាលផងដែរ៕