(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦នេះ បានចុះសម្របសម្រួល និងដោះស្រាយបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ ប្រកបដោយប្រសិទ្ធភាព និងជឿជាក់បំផុតជូនបងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកភ្នំក្រវាញ ដែលជាភាគីទំនាស់ទាំងសងខាងចំនួន០៦ករណីផ្សេងគ្នា។
ក្នុងកិច្ចដំណោះស្រាយក្រៅប្រព័ន្ធតុលាការនេះ ត្រូវបានធ្វើឡើងនៅសាលាឃុំសំរោង ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពី អាជ្ញាធរស្រុក និងភាគីដែលពាក់ព័ន្ធជាច្រើនរូបទៀត។
លោក ម៉ៅ ធនិន បានថ្លែងថា ដើម្បីដោះស្រាយបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនេះ ប្រកបដោយប្រសិទ្ធភាព និងគ្មានអ្នកចាញ់ គឺឈ្នះទាំងអស់គ្នា តម្រូវឲ្យភាគីទាំងសងខាងបើកចិត្តឲ្យទូលាយ និយាយដោយភាពស្មោះត្រង់ត្រឹមត្រូវ ហើយត្រូវសម្បទានគ្នាទៅវិញទៅមក លោកនឹងធ្វើការដោះស្រាយជូន។ លោកថា «លុយយើងអាចរកមកពេលណាក៏បាន គ្រាន់តែយូរហើយនឹងឆាប់ ក៏ប៉ុន្តែចំណងមិត្តភាព អ្នកភូមិផងរបងជាមួយគឺមានជារៀងរហូត»។ ជាមួយគ្នានោះបើបងប្អូនស្រុះស្រួលគ្នាហើយ លោកនឹងចាត់ឲ្យមន្ទីរជំនាញ រៀបចំប្លង់កម្មសិទ្ធិជូនឲ្យបានឆាប់រហ័ស។
គួរបញ្ជាក់ថា ទំនាស់ដីធ្លីចំនួន០៦ករណីផ្សេងគ្នានោះរួមមាន ៖
១- រវាងភាគី (ក) ឈ្មោះ នូ តាល់, ឡុង អ៊ិត ជាមួយភាគី (ខ) ឈ្មោះ ជា ចាន់ថន លើទំហំដីប្រមាណ១៥ហិកតា នៅភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ(បញ្ចប់)។
២- រវាងភាគី (ក) ឈ្មោះ ង៉ែត សារិន ជាមួយភាគី (ខ) ឈ្មោះ មាស ស្រេង លើទំហំដី ៦០អា នៅភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ (បញ្ចប់)។
៣- រវាងភាគី (ក) ឈ្មោះ ដាង ភឿង ជាមួយភាគី (ខ) ឈ្មោះ សាន់ សុខ លើទំហំដី ៧,៥ហិកតា នៅភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ (បន្តនៅដើមខែកញ្ញា)។
៤- រវាងភាគី (ក) ឈ្មោះ ម៉ែន ឈួន ជាមួយភាគី (ខ) ប្រជាពលរដ្ឋ ១៧គ្រួសារ លើទំហំដីច្រកផ្លូវ ២ម៉ែត្រ នៅភូមិលាច ឃុំលាច ស្រុកភ្នំក្រវាញ (បន្តតាមនីតិវិធី)។
៥- រវាងភាគី (ក) ឈ្មោះ វង់ សារឿន ជាមួយភាគី (ខ) ឈ្មោះ លី ជីវ លើទំហំដី ៥ហិកតា នៅភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ (បញ្ចប់)។
៦- រវាងភាគី (ក) ឈ្មោះ ឈាន ស្រីណាក់ ជាមួយភាគី (ខ) ឈ្មោះ ចាន់ រី លើទំហំដី ៤ហិកតា នៅភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ (បញ្ចប់)។
សម្រាប់យន្តការដោះស្រាយដ៏មានប្រសិទ្ធិភាព និងជឿជាក់ក្រៅប្រព័ន្ធតុលាការ របស់លោក ម៉ៅ ធនិន ខាងលើនេះ បានធ្វើឲ្យភាគីទាំងសងខាងយល់ព្រម និងពេញចិត្តទទួល ព្រមទាំងបានដកពាក្យបណ្តឹងពីតុលាការវិញដើម្បីបញ្ចប់ទំនាស់នេះចាប់ពីពេលនេះតទៅ៕