(កំពង់ធំ)៖ រាជរដ្ឋាភិបាល បានប្រគល់រថយន្តក្រុងប្រភេទថ្មីចំនួន១០គ្រឿង ដល់រដ្ឋបាលខេត្តកំពង់ធំ ដើម្បីរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសេវាដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុងក្នុងខេត្ត។

ការផ្តល់រថយន្តក្រុងថ្មីចំនួន១០គ្រឿងនេះ ក្រោយសង្កេតឃើញថា ខេត្តកំពង់ធំមានការអភិវឌ្ឍជាបន្តបន្ទាប់ ដែលបានធ្វើឱ្យបញ្ហាចរាចរណ៍ក្លាយជារឿងអាទិភាព១ផ្នែក ដែលអាជ្ញាធរត្រូវយកចិត្ដទុកដាក់ខ្លាំង ជាពិសេសការសម្រួលការធ្វើដំណើរកាន់តែប្រសើរឡើងរបស់ប្រជាពលរដ្ឋ។

ក្រោយទទួលបានរថយន្តក្រុងប្រភេទថ្មី, រដ្ឋបាលខេត្ត នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បាននិមន្តព្រះសង្ឃ រៀបចំពិធីសូត្រមន្ត ប្រោះព្រំ លើករាសី រថយន្តក្រុងទាំង១០គ្រឿង ដើម្បីនាំមកនូវសិរីសួស្ដីដល់ការធ្វើដំណើរ។

មូលហេតុ នៃការផ្តល់រថយន្តក្រុងប្រភេទថ្មីទាំង១០គ្រឿង ជូនដល់រដ្ឋបាលខេត្តកំពង់ធំ ដើម្បីរួមចំណែកដោះស្រាយ បញ្ហាកកស្ទះចរាចរណ៍ ពិសេសកាត់បន្ថយហានិភ័យ ដល់អ្នកជិះ ដោយប្តូរពីការជិះម៉ូតូដឹកកូន ក្រោមកម្ដៅថ្ងៃ ភ្លៀងខ្យល់ មកជិះក្នុងរថយន្តក្រុងដែលមានផាសុកភាព និងធានាសុវត្ថិភាពក្នុងការធ្វើដំណើរ៕