(ភ្នំពេញ)៖ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានសម្តែងនូវការសោកស្ដាយយ៉ាងខ្លាំង ចំពោះការចោទប្រកាន់ពាក់ព័ន្ធនឹងការផ្សព្វផ្សាយគាំទ្រ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្ម នៅលើផ្ទាំងប៉ាណូ (ឬផ្សព្វផ្សាយពាណិជ្ជកម្មតាម hillboard)នៅតំបន់ Time Square ក្នុងអំឡុងពេលសម្តេចអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាត អង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ២១-២៥ ខែកញ្ញា ឆ្នាំ២០២៣។

តាមរយៈសេចក្តីថ្លែងការណ៍ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានបញ្ជាក់ថា ដោយមានការចោទប្រកាន់ពីក្រុមប្រឆាំងជ្រុល និយមមួយក្ដាប់តូច ដែលមានចេតនាបំផ្លើសបំភ្លៃការពិត លាបពណ៌ ប្រឌិតព័ត៌មានបំពុលសាធារណៈជនទូទៅ ដោយគ្មានមូលដ្ឋាន និងគ្មានអំណះអំណាងច្បាស់លាស់ ដែលផ្ទុយពីការពិតទាំងស្រុង ក្នុងគោលបំណងកេងចំណេញនយោបាយ និងបំភាន់សាធារណៈមតិ។

សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានមើលឃើញថាតាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្ម តាមផ្ទាំងប៉ាណូ គឺពុំមែនជាការចាត់តាំងឱ្យរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា ហើយក៏មិនមែនជាការចំណាយថវិការបស់រាជរដ្ឋាភិបាលនោះដែរ។ ប៉ុន្តែការរៀបចំការផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូខាងលើ គឺផ្តើមចេញពីមនោសញ្ចេតនា ទឹកចិត្ត គោរពស្រឡាញ់ និងការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក និងកាណាដា ចំពោះសម្ដេចធិបតី។

សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល សូមធ្វើការថ្កោលទោសចំពោះចេតនាបំភ្លៃព័ត៌មានផ្ទុយពីការពិត ដោយប៉ះពាល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពីសំណាក់ក្រុមប្រឆាំងជ្រុលនិយម និងសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មេត្តាជួយមានវិធានការច្បាប់ទៅលើក្រុមប្រឆាំងជ្រុលនិយមទាំងនោះ ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់ជាធរមាន៕