(ភ្នំពេញ)៖ សាលារៀន វ៉េសខេម សូមសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ចំពោះការចោទប្រកាន់ពាក់ព័ន្ធនឹងការផ្សព្វផ្សាយគាំទ្រ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនSកម្ពុជា តាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្ម នៅលើផ្ទាំងប៉ាណូ (ឬផ្សព្វផ្សាយពាណិជ្ជកម្មតាម billboard)នៅតំបន់ Time Square ក្នុងអំឡុងពេលសម្ដេចអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាត អង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ ខែកញ្ញា ឆ្នាំ២០២៣។

សាលារៀន វ៉េសខេម បានគូសបញ្ជាក់ថា ការចោទប្រកាន់ពីក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូច ដែលមានចេតនាបំផ្លើសបំភ្លៃការពិត លាបពណ៌ ប្រឌិតព័ត៌មានបំពុលសាធារណៈជនទូទៅ ដោយគ្មានមូលដ្ឋាន និងគ្មានអំណះអំណាងច្បាស់លាស់ ដែលផ្ទុយពីការពិតទាំងស្រុង ក្នុងគោលបំណងកេងចំណេញនយោបាយ និងបំភាន់សាធារណៈមតិ។

សាលារៀន វ៉េសខេម បានមើលឃើញថា តាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្ម តាមផ្ទាំងប៉ាណូ គឺពុំមែនជាការចាត់តាំងឱ្យរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជាហើយក៏មិនមែនជាការចំណាយថវិការបស់រាជរដ្ឋាភិបាលនោះដែរ។ ប៉ុន្តែការរៀបចំការផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូខាងលើ គឺផ្តើមចេញពីមនោសញ្ចេតនា ទឹកចិត្តគោរពស្រឡាញ់ និងការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក និងកាណាដា ចំពោះសម្ដេចធិបតី។

សាលារៀន វ៉េសខេម សូមធ្វើការថ្កោលទោសចំពោះចេតនាបំភ្លៃព័ត៌មានផ្ទុយពីការពិត ដោយប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពីសំណាក់ក្រុមប្រឆាំងជ្រុលនិយម និងសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់មេត្តាជួយមានវិធានការច្បាប់ទៅលើក្រុមប្រឆាំងជ្រុលនិយមទាំងនោះដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់ជាធរមាន៕