(ភ្នំពេញ)៖ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង នឹងបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅតាមគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅទូទាំង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នាក្រុងកំពង់ឆ្នាំង។

ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅជាមួយនឹងការចុះអនុស្សរណៈយោគយល់រវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកណ្តាល ស្តីពីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងមានការចូលរួមពីលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រសួង ស្ថាប័ន រដ្ឋបាលខេត្តពាក់ព័ន្ធជាច្រើនរូបទៀត។

ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ចាប់តាំងពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ចេញពីស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដើម្បីសិស្សានុសិស្សនៅតាមសាលារៀនទាំងអស់ ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ១ថ្ងៃ ក្នុង១សប្ដាហ៍ ឡើងទៅដើម្បីភាពស្រស់ស្អាត ផ្តើមចេញពីសាលារៀន នាំឱ្យផ្ទះស្អាត សហគមន៍ស្អាត៕