(ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងក្រោមការដឹកនាំកម្លាំងបង្រ្កាបផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅទីតាំង៤ផ្សេងគ្នា កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្រ្កាបនេះ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យសរុបចំនួន៥នាក់ រួមមាន ឈ្មោះ ជ័យ ឆៃយ៉ា អាយុ៣៩ឆ្នាំ, ឈ្មោះ ចាន់ លីម៉ឹង ហៅវីត អាយុ៣៤ឆ្នាំ, ឈ្មោះ យឹម ម៉ារីណែត ភេទស្រី អាយុ៤០ឆ្នាំ, ឈ្មោះ អ៊ុក សំអន ហៅយ៉ាំង អាយុ៣៨ឆ្នាំ និងឈ្មោះ វ៉ាន់ រ៉ាឌី អាយុ៣៦ឆ្នាំ។

លោកវរសេនីយ៍ទោ មៀច ឈួនស៊ីម៉ូលីន នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបាន ថ្នាំញៀនម្សៅកញ្ចប់ ប្រភេទMDMA សរុបចំនួន៨៩កញ្ចប់ ទំងន់៩៣៥ក្រាម, ឧបករណ៍កែច្នៃផលិតគ្រឿងញៀនមួយចំនួន និងសារធាតុផ្សំ សរុបទម្ងន់២២គីឡូក្រាម។

គោលដៅដែលសមត្ថកិច្ចបានបង្រ្កាបនោះ រួមមាន៖

* គោលដៅទី១៖ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ១៧៩ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតបាន ថ្នាំញៀនរូបផ្លែឈើចំនួន២០កញ្ចប់

* គោលដៅទី២៖ នៅចំណុចផ្ទះលេខ79 ផ្លូវ04B ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យម្នាក់ ថ្នាំញៀនចំនួន៦៦កញ្ចប់

* គោលដៅទី៣៖ នៅចំណុចបន្ទប់ជួល ភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ថ្នាំញៀនចំនួន៣កញ្ចប់ និងសារធាតុផ្សំទម្ងន់៥គីឡូក្រាម

* គោលដៅទី៤៖ នៅចំណុចបន្ទប់ជួល ផ្លូវ៣៥៥ ភូមិតាង៉ូវ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ ដែលក្រុមបក្ខពួកជនសង្ស័យជួលសម្រាប់ទុកកែច្នៃផលិតគ្រឿងញៀន ដោយដកហូតវត្ថុតាង ឧបករណ៍កែច្នៃមួយចំនួន និងសារធាតុផ្សំទម្ងន់១៧គីឡូក្រាម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការតាមនីតិវិធី៕