(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអំពាវនាវដល់រដ្ឋបាលស្រុក ក្រុង មន្ទីរ អង្គភាព និងវិស័យឯកជន ចូលរួមគាំទ្រទាំងសម្ភារៈ ថវិកា ជាមួយរដ្ឋបាលខេត្ត ក្នុងការចុះសួរសុខទុក្ខ ដល់កងកម្លាំងប្រដាប់អាវុធ ឱ្យបានមុនពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នាពេលខាងមុខនេះ។
លោក ខូយ រីដា បានអំពាវនាវបែបនេះ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែកញ្ញា ដោយបានការចូលរួមពីលោកអភិបាលរងខេត្ត តំណាងសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលក្រុងស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ក្នុងឱកាសដឹកនាំកិច្ចប្រជុំ លោក ខូយ រីដា បានថ្លែងឱ្យដឹងថា រដ្ឋបាលខេត្តបានរៀបចំពិធីប្រណាំងទូក «ង» ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងព្រះខែ អកអំបុក សម្រាប់ថ្នាក់ខេត្ត នៅថ្ងៃទី៤-៥ខែវិច្ឆិកា។ ក្រៅពីប្រកួតនៅថ្នាក់ខេត្ត រដ្ឋបាលខេត្តនឹងបញ្ជូនទូក «ង» ចំនួន២ សម្រាប់ទៅចូលរួមថ្នាក់ជាតិ នៅចុងខែវិច្ឆិកា ឆ្នាំ២០២៣ និងទូក«ង» ចំនួន២ទៀត ទៅចូលរួមប្រកួតនៅខេត្តបាត់ដំបងឆាប់ៗនេះ។
ដើម្បីឱ្យដំណើរការនៃការប្រកួតកីឡាអុំទូក ទាំងថ្នាក់ខេត្ត និងថ្នាក់ជាតិ ឱ្យទទួលបានជោគជ័យ សម្រាប់ខេត្តយើងនោះ សូមឱ្យគ្រប់មន្ទីរ អង្គភាព រដ្ឋបាលស្រុក ក្រុង និងវិស័យឯកជន សហការចូលរួមគាំទ្រឧបត្ថម្ភទាំងសម្ភារៈ ថវិកា ជាការរួមចំណែកបង្កើតកម្មវិធីកម្សាន្តសប្បាយរីករាយ និងលើកកម្ពស់ទំនៀមទម្លាប់ប្រពៃណីខ្មែរយើង។ ទន្ទឹមនេះ លោកក៏សូមអំពាវនាវបន្ថែមដល់រដ្ឋបាលស្រុក ក្រុង មន្ទីរ អង្គភាព និងវិស័យឯកជន សូមចូលរួមគាំទ្រទាំងសម្ភារៈ ថវិកា ជាមួយរដ្ឋបាលខេត្ត ក្នុងការចុះសួរសុខទុក្ខ ដល់កងកម្លាំងប្រដាប់អាវុធ ឱ្យបានមុនពិធីបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខផងដែរ។
បន្ទាប់ពីមានសេចក្តីរាយការណ៍ពីសមាជិក សមាជិកា ក្នុងជួរគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរួចមក, លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក៏បានផ្តល់នូវអនុសាសន៍ដល់គ្រប់កងឯកភាព សម្រាប់យកទៅអនុវត្តបន្ត មានចំនួន៩ចំណុចគឺ៖
ទី១-បន្តពង្រឹង កិច្ចសហប្រតិបត្តិការតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ដោយធ្វើយ៉ាងណាឱ្យប្រជាជនប្រទេសទាំង២ ចេញ-ចូល ច្រកព្រំដែនបានស្រួលបួល។
ទី២-ដោះស្រាយនូវរាល់បញ្ហាដែលកើតមាននៅក្នុងមូលដ្ឋាន ឱ្យបានទាន់ពេលវេលា មានប្រសិទ្ធិភាព និងឈ្នះ-ឈ្នះទាំងអស់គ្នា។
ទី៣-បន្តយកចិត្តទុកដាក់លើការងារផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន គឺជាអាទិភាពល្អបំផុត សម្រាប់យើងជាមន្ត្រីថ្នាក់ក្រោមជាតិ។
ទី៤-បន្តផ្សព្វផ្សាយដល់មហាជន ប្រជាជន ក្នុងការរួមចំណែកសោភ័ណ្ឌភាពអនាម័យបរិស្ថានគ្រប់ទីកន្លែង។
ទី៥-រៀបចំសួនច្បារ មានឈ្មោះថា «សួនច្បារមរកតតេជោ» សម្រាប់ដាក់តាំងបង្ហាញ។
ទី៦-បង្កើនការយកចិត្តទុកដាក់ អំពីបញ្ហាចរាចរណ៍ គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ។
ទី៧-បង្ការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ទាំងព្រៃឈើ និងជលផល។
ទី៨-ត្រូវឈប់ជាបន្ទាន់ ពាក់ព័ន្ធទៅនឹងការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋាន់ លើក្បាលដីរបស់រដ្ឋ។
ទី៩-បន្តអនុវត្តដូចភ្លៀងរលឹម អំពីគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព៕