(ក្រចេះ)៖ លោក ភឹម ភីរ៉ា អភិបាលរងខេត្តក្រចេះ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំបើកកិច្ចប្រជុំគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត លើកទី៣ ស្ដីពីការបូកសរុបវឌ្ឍនភាពត្រីមាសទី៣ និងលើកទិសដៅបន្ត។

លោក អ៊ង់ គឹមភឿន នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន បានឲ្យដឹងថា សិស្ស និស្សិត ដែលបានបញ្ចប់ និងកំពុងបណ្តុះបណ្តាលក្នុងឆ្នាំសិក្សា២០២២-២០២៣ សរុប៨៣២នាក់ ស្រី២៤៤នាក់ ដែលបានសិក្សាលើកម្រិតសញ្ញាដូចជាតាមរយៈថវិកាទ្រទ្រង់គ្រឹះស្ថាន PB (១សប្តាហ៍) កម្រិតវិញ្ញាបនបត្រវិជ្ជាជីវៈ (វគ្គ៤ខែ) សញ្ញាបត្រជាន់ខ្ពស់/បរិញ្ញាបត្ររងបច្ចេកទេស, កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ២, និងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ពិសេស)។

លោកបញ្ជាក់ថា ជាលទ្ធផលសម្រេចបានសិស្ស និស្សិតដែលចំនួន៣៤៥នាក់ ដែលបានបញ្ចប់ និងកំពុងតែធ្វើក្នុងវិស័យ TVET និងតាមក្រុមហ៊ុនដែលពាក់ព័ន្ធ ក្នុងខេត្តក្រចេះផងដែរ។

ក្នុងឱកាសនោះ លោក ភឹម ភីរ៉ា បានកោតសរសើរ និងវាយតម្លៃចំពោះវិទ្យាស្ថាន ដែលបានរួមសហការជាមួយមន្ទីរ អង្គភាព និងស្ថាប័នដៃគូគាំទ្រ សម្ដៅធ្វើឲ្យវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងខេត្តក្រចេះ មានភាពរីកចម្រើន សេដ្ឋកិច្ចប្រជាជនមានភាពធូរធារ មានការងារធ្វើមានជំនាញពិតប្រាកដ កាត់បន្ថយការចំណាក់ស្រុករកការងារធ្វើស្រប ទៅនឹងផែនការ និងគោលនយោបាយការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល។

ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារ លោកបានស្នើសុំឲ្យអង្គការដៃគូគាំទ្រ រៀបចំកញ្ចប់សម្រាប់ ទស្សនៈកិច្ចសិក្សា នៅតាមក្រុមហ៊ុន-រោងចក្រ-សហគ្រាស និងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីឲ្យឃើញជាក់ស្ដែងពីសកម្មភាពការងារ និងដើម្បីទទួលបានបទពិសោធន៍ថ្មីបន្ថែម។ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនឹងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន ត្រូវខិតខំស្វែងរកដៃគូលើកិច្ចសហការ ដើម្បីចុះអនុស្សរណៈយោគយល់គ្នា (MOU) ដើម្បីរួមគ្នាកសាង និងអភិវឌ្ឍន៍លើវិស័យការងារនៅក្នុងខេត្តក្រចេះ។

លោកអភិបាលរងខេត្ត បានជំរុញឲ្យវិទ្យាស្ថាន ត្រូវធ្វើផែនទីស្ថិតិអំពីដៃគូពាក់ព័ន្ធដើម្បីធ្វើការឲ្យចំ ងាយស្រួលក្នុងការបញ្ជូនសិស្សទៅហាត់ការគោលដៅ ហើយបន្តកៀរគរជ្រើសរើសគ្រូឧទ្ទេសជំនាញ បំពេញក្នុងរចនាសម្ព័ន្ធ, រៀបចំប្រព័ន្ធផ្សព្វផ្សាយអំពីផែនការសកម្មភាព និងគោលដៅរបស់វិទ្យាស្ថាន តាមប្រព័ន្ធបណ្តាញសង្គម, សភាពាណិជ្ជកម្មត្រូវទំនាក់ទំនងជាមួយក្រុមហ៊ុន-សហគ្រាសដៃគូ ដើម្បីផ្តល់កម្មសិក្សាការងារ និងការអនុវត្តជាក់ស្តែងដល់សិស្ស-និស្សិត-គ្រប់មន្ទីរអង្គភាព៕