(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់សុវត្ថិភាពផ្ទាល់ខ្លួន និងក្មេងៗ ឱ្យបានល្អ នៅរដូវវស្សាដើម្បីចៀសផុតពីការលង់ទឹក ឆ្លងចរន្តអគ្គិសនី ក៏ដូចជាការការពារពីសត្វអសិរពិសនានាទិច ឬខាំ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានណែនាំប្រជាពលរដ្ឋគ្រប់ផ្ទះក៏ត្រូវត្រៀម ម្ហូបអាហារ ថ្នាំសង្កូវខ្លះៗ ដើម្បីសង្គ្រោះបឋម ដើម្បីចៀសវាងគ្រោះថ្នាក់ធ្ងន់ធ្ងរ ក្នុងអំឡុងពេលនៃការហក់ឡើងទឹកជំនន់នៅពេលនេះ។

ការអំពាវនាវបែបនេះរបស់លោក ងួន រតនៈ បានធ្វើឡើងក្នុងឱកាសលោក បានចុះពិនិត្យស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមផ្ទះ និងទីទួលសុវត្ថិភាពក្នុងភូមិឈូកបឹង ឃុំឈូក នៅស្រុកប្រាសាទសំបូរ ដែលមានការជន់លិចខ្លាំងនៅតំបន់មួយចំនួន នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ។

លោក ងួន រតនៈ បានថ្លែងថា នៅចំពោះមុខនេះស្ថានភាពទឹកជំនន់បានជន់ខ្លាំងនៅស្រុកចំនួន៤ រួមមាន៖ ស្រុកស្ទោង ស្រុកប្រាសាទសំបូរ ស្រុកសណ្តាន់ និងស្រុកបារាយណ៍ ព្រមទាំងបានធ្វើឱ្យមានផលប៉ះពាល់ដំណាំស្រូវ ជីវភាពរស់នៅ និងការប្រកមុខរបររបស់ប្រជាពលរដ្ឋហើយហេដ្ឋារចនាសម្ព័ន្ធមួយចំនួនត្រូវលិច និងខូចខាតសាលារៀនមួយចំនួនត្រូវបានផ្អាកជាបណ្តោះអាសន្ន ១៨សាលាក្នុងចំណោមលិចលង់ចំនួន ៥០សាលាដោយរកមធ្យោបាយឱ្យគ្រូបង្រៀនតាមបណ្តុំ នៅតាមខ្នងផ្ទះ រហូតដល់ទឹកត្រូវបានស្រកទៅវិញ។ ចំពោះដំណាំស្រូវ នៅមិនទាន់មានការខូចខាតនៅឡើយទេ ដោយនៅស្រុកខ្លះ ទឹកចាប់ផ្តើមស្រកទៅវិញខ្លះហើយ។

លោកអភិបាលបានបន្តថា រដ្ឋបាលខេត្តកំពង់ធំ ក៏បានត្រៀមក្រុមការងារមន្ត្រីជំនាញរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យ និងវាយតម្លៃអំពីផលប៉ះពាល់លើដំណាំស្រូវ របស់ប្រជាពលរដ្ឋ ដើម្បីត្រៀមផ្តល់ពូជស្រូវសម្រាប់បង្កបង្កើនផលបន្ទាប់ពីទឹកស្រកទៅវិញ។

លោកបន្ថែមទៀថា៖ «យើងមើលស្ថានភាពជាក់ស្តែងនៅពេលនេះបងប្អូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់លិចផ្ទះសម្បែង ពួកគាត់បានទៅបោះទីតាំងនៅទីទួលមានសុវត្ថិភាព ឬចំការរបស់ពួកគាត់ ដើម្បីជៀងផុតពីគ្រោះថ្នាក់ជាយថាហេតុ»

ក្នុងនាមអាជ្ញាធរខេត្ត លោក ងួន រតនៈ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់សុវត្ថិភាពផ្ទាល់ខ្លួនឱ្យបានខ្ពស់ រក្សាអនាម័យជាប់ជានិច្ច ទោះបីប្រជាពលរដ្ឋធ្លាប់រស់នៅជាមួយទឹកជំនន់នេះ រាប់ឆ្នាំកន្លងមកហើយក៏ដោយ និងសូមតាមដាននូវព័ត៌មានរបស់គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយតាមរយៈលេខ១២៩៤ នៅពេលដែលតេទៅនឹងទទួលបានព័ត៌មានអំពីស្ថានភាពទឹកជំនន់នេះ បានទាន់ពេលវេលា។

តាមរបាយការណ៍គណកម្មការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្តបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ គ្រួសារប៉ះពាល់មានចំនួន ២៩ឃុំ ស្មើ ១៥៣ភូមិ និង៥២៨៣គ្រួសារ ដែលមានប្រជាពលរដ្ឋសរុបចំនួន ២១,៣២៣នាក់ ស្រី ៨៥២៦នាក់ ស្លាប់២នាក់, ជម្លៀស ២០៩គ្រួសារ មានមនុស្សចំនួន ៣១៨នាក់, ទីទួលសុវត្ថិភាពកំពុងស្នាក់នៅ ១៩ ដែលមានមនុស្ស ១១៧, ប៉ះពាល់ផ្ទះសម្បែង ២,២២៥, ប៉ះពាល់សាលារៀនចំនួន ៤៣សាលា ផ្អាកដំណើរការសាលារៀនចំនួន ១៨សាលា, ប៉ះពាល់វត្តអារាមចំនួន ០៦កន្លែង, ប៉ះពាល់ដំណាំរួមផ្សំចំនួន ១៨៧ហិកតា, ខូចខាតដំណាំរួមផ្សំចំនួន ១២៤ហិកតា, ប៉ះពាល់ដំណាំស្រូវចំនួន ២៧៥០ហិកតា, ខូចខាតដំណាំស្រូវចំនួន ១៨៦ហិកតា, ជម្លៀសសត្វពាហនៈចំនួន ៥,៩៩០ក្បាល, ប៉ះពាល់ផ្លូវកៅស៊ូចំនួន ៣,៥៥៥ម៉ែត្រ ខូចខាត ១០០ម៉ែត្រ, ប៉ះពាល់ផ្លូវបេតុងចំនួន ៣៣៤ម៉ែត្រ, ប៉ះពាល់ផ្លូវគ្រួសក្រហមចំនួន ៥១,៤០៥ម៉ែត្រ ខូចខាត ៣,១០០ម៉ែត្រ, ប៉ះពាល់ផ្លូវដីស ៣៤៦៥ម៉ែត្រ, ប៉ះពាល់ស្ពានបេតុង ០១កន្លែង, ស្ពានឈើ ០៦កន្លែងខូច ០១, ប៉ះពាល់លូកាត់ផ្លូវ ៨៧កន្លែង, ប៉ះពាល់ប្រឡាយទឹក ២៧៧៦០ម៉ែត្រ, ទ្វារទឹក ០៤, ប៉ះពាល់អណ្តូងស្នប់ ៥០៩, ប៉ះពាល់អណ្តូងជីកលូ២០១, ប៉ះពាល់ស្រះទឹក ១៨, ប៉ះពាល់បង្គន់អនាម័យ១,២៦៤ និងបាក់ច្រាំង ២,៤០០ម៉ែត្រ៕