(ភ្នំពេញ)៖ នាយកឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនបានទទួល ថវិកាឧបត្ថម្ភ ចំនួន១២ម៉ឺនដុល្លារ ពីក្រុមហ៊ុន Naga World នៅព្រឹកថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១៦នេះ។
ក្រុមហ៊ុន Naga World បានឧបត្ថម្ភថវិកានេះ ជូនដល់សមាគមអតីតយុទ្ធជន ដើម្បី យកទៅជួយ និងឧបត្ថម្ភ ដល់អតីតយុវជនក្រីក្រ នៅតាមព្រំដែន និងសម្រាប់ជួយសាងសង់ផ្ទះ ៣០ខ្នង ផងដែរ។
នាយកឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់ឲ្យដឹងនៅក្នុងកម្មវិធីទទួលថវិកានោះថា «ក្រុមហ៊ុន Naga World តែងជួយឧបត្ថម្ភជានិច្ចកាល ដល់អតីតយុទ្ធជន ហើយពួកយើងខ្ញុំសង្ឃឹមថា ការជួយ របស់ក្រុមហ៊ុន នឹងនៅតែបន្តទៀត ខ្ញុំជឿជាក់ថា ក្រុមហ៊ុន Naga World អាចបំពេញនូវការខ្វះខាតសំភារៈ សំរាប់បំរើផ្នែកនយោបាយ ផ្សព្វផ្សាយ និងជួយចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍សង្គម ផងដែរ។ ខ្ញុំពិតជាថ្លែងអំណរគុណយ៉ាងខ្លាំងដល់ ក្រុមហ៊ុន ដែលបានជួយនាពេលកន្លងមក»។
នាយកឧត្តមសេនីយ៍ គន់ គីម បានជូនពរដល់ក្រុមហ៊ុន Naga World ឲ្យរីកចំរើន និងដំណើរការកាន់តែរលូនទៅមុខជាបន្តទៀត ហើយ លោក ក៏បានស្នើឲ្យក្រុមហ៊ុន នៅតែជ្រោមជ្រែង នឹងជួយដល់សមាគមអតីតយុទ្ធជន ជាបន្តបន្ទាប់ទៀត នៅពេលខាងមុខ។
គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន Naga World តែងជួយ ឧបត្ថម្ភជាថវិកា ដើម្បី ឧបត្ថម្ភទៅដល់ សមាគមអតីតយុទ្ធជន ជាពិសេស ឧបត្ថម្ភដល់ជួរកងទ័ព នៅតំបន់ប្រាសាទព្រះវិហារ តែងជួយទំនុបបំរុងការ ខ្វះខាតមួយចំនួនទៀត៕