(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកឧត្តសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានសំណេះសំណាលជាមួយអ្នកឧកញ៉ា លាង ឃុន ស្ថាបនិកក្រុមហ៊ុន ជីប មុង និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខ្មែរប៊ែវើរីជីសនិងសហការី ខណៈដែលអ្នកឧកញ៉ាបានឧបត្ថម្ភភេសជ្ជៈ ICY COOL ចំនួន៥,៥៥៥កេស ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានខិតខំបំពេញភារកិច្ច ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ នាំមកសុខសុវត្ថិភាពសង្គម។

អ្នកឧកញ៉ា លាង ឃុន បានលើកឡើងថា ការនាំយកភេសជ្ជៈប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅពេលនេះ គឺដើម្បីចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស សេដ្ឋកិច្ច និងកិច្ចការសង្គម ដែលក្រុមហ៊ុនតែងតែរក្សាគោលតម្លៃក្នុងការរិច្ចាគជួយដល់ក្នុងសង្គម ដូចជាសកម្មភាពមនុស្សធម៌ ការឧបត្ថម្ភជាភេសជ្ជៈ ផលិតផល ឬជាទឹកប្រាក់ជូនដល់បណ្តាស្ថាប័នផ្សេងៗ ការផ្តល់អាហារូបករណ៍ បេសកម្មផ្តល់ឈាមសង្រ្គោះជីវិត ដែលបានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមជាដើមនោះ។ ក្រុមហ៊ុននឹងបន្តចូលរួមនូវសកម្មភាព ផ្តល់វិភាគទានដ៏សំខាន់ក្នុងការអភិវឌ្ឍកម្ពុជាផងនោះទៀត។

អ្នកឧកញ៉ា លាង ឃុន ក៏បានវាយតម្លៃនិងកោតសរសើរចំពោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលទើបទទួលតំណែងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ការពារទប់ស្កាត់បទល្មើសផ្សេងៗ និងថែរក្សាសុវត្ថិភាពសង្គមបានល្អ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានគូសបញ្ជាក់ថា ក្នុងទឹកចិត្តរំភើបរីករាយ ដោយជំនួសមុខថ្នាក់ដឹកនាំ ក៏ដូចជាមន្រ្តីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះអ្នកឧកញ៉ា លាង ឃុន ស្ថាបនិកក្រុមហ៊ុន ជីប មុង និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខ្មែរប៊ែវើរីជីស និងសហការី ដែលមានទឹកចិត្តដ៏សប្បុរសបាននាំយកភេសជ្ជៈផ្តល់ជូនកងកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

សកម្មភាពនេះបានបង្ហាញឲ្យឃើញថា អ្នកឧកញ៉ា បានគិតគូរពីសុខទុក្ខដល់កងកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅខណៈដែលកងកម្លាំង បាននិងកំពុងបំពេញបេសកម្មការងារយ៉ាងមមាញឹកការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព ស្ថិរភាពសង្គម។ លោកស្នងការក៏បានជូនពរអ្នកឧកញ៉ា និងសហការី សូមមានសុខភាពល្អ ដឹកនាំអភិវឌ្ឍក្រុមហ៊ុនឲ្យកាន់តែរីកចម្រើន និងជោគជ័យគ្រប់ពេលវេលា៕