(ភ្នំពេញ)៖ តំណាងរាជរដ្ឋាភិបាលនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបំភ្លឺជូនក្រុមប្រឹក្សាធម្មនុញ្ញ លើអត្ថបទច្បាប់ស្ដីពីការបង្កើតក្រសួងអធិការកិច្ច និងការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលរដ្ឋសភាបានអនុម័តរួចហើយនោះ។
លោក ហ៉ី សោភា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ តំណាងលោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញា បានដឹកនាំកិច្ចប្រជុំនេះ។ តំណាងរាជរដ្ឋាភិបាល ដែលបំភ្លឺជូនក្រុមប្រឹក្សាធម្មនុញ្ញ លើអត្ថបទច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច ដឹកនាំដោយ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ខណៈច្បាប់ស្តីពីការបង្កើត រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដឹកនាំដោយ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានកិច្ចការព្រំដែន។
សូមជម្រាបថា អត្ថបទច្បាប់ទាំងពីរនេះ ត្រូវបានរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នាសម័យប្រជុំលើកទី១ នីតិកាលទី៧ និងព្រឹទ្ធសភាបានពិនិត្យឱ្យយោបល់ ឯកភាពទាំងស្រុងលើទម្រង់ និងគតិច្បាប់ដោយឥតកែប្រែក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។
ការអញ្ជើញភាគីពាក់ព័ន្ធមកបំភ្លឺនេះ គឺអនុលោមតាមបទប្បញ្ញត្តិនៃមាត្រា២១ នៃច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ ដែលចែងអំពីសំណូមពរក្នុងករណីចាំបាច់ ក្រុមប្រឹក្សាធម្មនុញ្ញមានសិទ្ធិក្នុងការស្នើសុំការបំភ្លឺ ឬការផ្ដល់ឯកសារពីក្រសួង ស្ថាប័នពាក់ព័ន្ធ។
គួរបញ្ជាក់ដែរថា សេចក្តីព្រាងច្បាប់ទាំងពីរ ត្រូវបានគណៈរដ្ឋមន្ត្រី អនម័តក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣។
ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវបានបង្កើតឡើងឆ្នាំ១៩៩៩ ក្នុងគោលបំណងលើកកម្ពស់និងពង្រឹងអភិបាលកិច្ច ដើម្បីធានាប្រសិទ្ធភាព សុចរិតភាព មនសិការវិជ្ជាជីវៈ វិន័យការងារ និងភាពស្អាតស្អំរបស់រដ្ឋបាលសាធារណៈ ព្រមទាំងបានចូលរួមចំណែកទប់ស្កាត់ ប្រយុទ្ធប្រឆាំង កាត់បន្ថយ និងឈានទៅលុបបំបាត់អំពើពុករលួយ។
យោងតាមសាវតារលើវិស័យអធិការកិច្ច និងភាពចាំបាច់របស់រាជរដ្ឋាភិបាលក្នុងការប្រគល់តួនាទីភារកិច្ចលើវិស័យទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភាជូនសា្ថប័ននានា រាជរដ្ឋាភិបាលសម្រេចប្តូរឈ្មោះក្រសួងនេះ មកត្រឹមជាក្រសួងអធិការកិច្ច។ ការប្តូរនេះឆ្លើយតបនឹង (១) កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១, (២) ស្មារតីនៃកិច្ចប្រជុំដែលបានប្រព្រឹត្តទៅនៅឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣, និង (៣) បំណងប្រាថ្នារបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។
សេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតក្រសួងអធិការកិច្ច ត្រូវបានរៀបចំឡើងចំនួន១០មាត្រា។
ដោយឡែកការបង្កើតរដ្ឋលេខាធិការដា្ឋនកិច្ចការព្រំដែន ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើង ជំនួសអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន។ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបង្កើតឡើង ក្នុងគោលបំណងបង្កើតឱ្យមានស្ថាប័នថ្មីមួយដែលមានលក្ខណៈអចិន្ត្រៃយ៍ មានរចនាសម្ព័ន្ធគ្រប់គ្រង និង សមត្ថកិច្ចពេញលេញ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបន្តបេសកកម្មក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសជិតខាង ឈានឆ្ពោះទៅបិទបញ្ចប់បញ្ហានេះជាស្ថាពរ ព្រមទាំងការអភិវឌ្ឍតំបន់ព្រំដែន ទុកជាប្រយោជន៍ដល់ការពង្រឹងកិច្ចការពារអធិបតេយ្យនិងបូរណភាពទឹកដី និងលើកស្ទួយការថែរក្សាសមិទ្ធផលព្រំដែនជាប្រវត្តិសាស្ត្រ ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន ក្រោមការដឹកនាំ និងចង្អុលបង្ហាញប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ និងគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ឱ្យឋិតថេរ គង់វង្ស យូរអង្វែង ទុកជាមរតកដ៏ឧត្តុង្គឧត្តមជូនកូនខ្មែរ គ្រប់ជំនាន់ សំដៅថែរក្សាសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍនៅតំបន់ព្រំដែន។
សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ត្រូវបានរៀបចំឡើង ចំនួន ៨មាត្រា៕