(ភ្នំពេញ)៖ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាពិកកម្ពុជា បានកោតសរសើរយ៉ាងខ្លាំង លើការរៀបចំកីឡាអាស៊ី លើកទី១៩ ក្រុងហាងចូវ សាធារណរដ្ឋប្រជាមានិតចិន ដែលគិតគូរលើបរិស្ថានខ្ពស់ ហើយឆ្លើយតបនឹងលក្ខខណ្ឌតម្រូវរបស់គណៈកម្មការអូឡាពិកអន្តរជាតិ។

ឯកឧត្តម ថោង ខុន បានថ្លែងនូវការកោតសរសើរបែបនេះ ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ជូនដល់វិទ្យុមិត្តភាពកម្ពុជា-ចិន នាឱកាសដែលឯកឧត្តម ដឹកនាំគណៈប្រតិភូកីឡារបស់កម្ពុជាទៅចូលរួម កីឡាអាស៊ី លើកទី១៩ នៅក្នុងក្រុងហាងចូវ។ ឆ្លើយតបនឹងសំណួររបស់លោកស្រី ឈីឈី អ្នកសារព័ត៌មានវិទ្យុមិត្តភាពកម្ពុជា-ចិន អំពីចំណាប់អារម្មណ៍ចំពោះទីក្រុងហាងចូវ ដែលជាម្ចាស់ផ្ទះរៀបចំការប្រកូតកីឡាអាស៊ី លើកទី១៩ ឯកឧត្តម ថោង ខុន បានមានប្រសាសន៍ថា៖ «លើកនេះ ខ្ញុំមកហាងចូវ គឺប្លែក ប្លែកមែនទែន គឺជាទីក្រុងមួយ ដែលខ្ញុំគិតថា ជាទីក្រុងស្អាត ទីក្រុងបៃតង ហើយសូមកោតសរសើរដល់កម្មការរៀបចំកីឡា Asian Games លើកទី១៩នេះ គឺធ្វើបានល្អណាស់ ខ្ញុំគិតថា នេះគឺជាការឆ្លើយតបនឹងលក្ខខណ្ឌតម្រូវរបស់គណៈកម្មការអូឡាពិកអន្តរជាតិ ដែលចង់បានការរៀបចំព្រឹត្តការណ៍កីឡា ឲ្យមានលក្ខណៈបរិស្ថាន គឺល្អមែនទែន ខ្ញុំមើលទៅគឺ កន្លែងណាក៏ស្អាត កន្លែងណា ក៏បៃតង Green Sport and Clean»

ឯកឧត្តម ថោង ខុន ក៏បានមានប្រសាសន៍ដែរថា ប្រតិភូកីឡាកម្ពុជា ដែលទៅចូលរួមកីឡាអាស៊ី លើកទី១៩ ក្រុងហាងចូវ គឺមានសរុបទាំងអស់ ចំនួន១៧៩នាក់ ក្នុងនោះដែរ មានថ្នាក់ដឹកនាំ ចំនួន៤រូប កីឡាករ ១១៤នាក់ ព្រមទាំងមន្ត្រីជំនាញ គ្រូបង្វិក ៦៥នាក់ផ្សេងទៀត។ ឯកឧត្តមបានបន្ថែមទៀតថា កីឡាករកម្ពុជាទាំង១១៤នាក់ មកចូលរួមប្រកួតលើ ១៧ប្រភេទកីឡា ក្នុងចំណោម ៤០ប្រភេទកីឡានៃព្រឹត្តិការណ៍ កីឡាអាស៊ី លើកទី១៩ ហើយក្នុងចំណោម ១៧ប្រភេទកីឡា គឺមានប្រភេទកីឡាអូឡាំពិក ចំនួន១២ និង ៥ទៀត ជាប្រភេទកីឡា មិនមែនអូឡាពិក។ ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ ឯកឧត្តម ថោង ខុន ក៏បានលើកឡើងពីជោគជ័យ ថ្មីៗនេះ នៃការរៀបចំការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ជាមួយនឹងការជួយជ្រោមជ្រែងខ្លាំងពីភាគីចិន ជាពិសេស ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយឥតសំណងរបស់ចិនជូនកម្ពុជា។

ឯកឧត្តម ថោង ខុន៖ «កិច្ចសហការដ៏ល្អរវាងចិននិងកម្ពុជា គឺជាកិច្ចសហប្រតិបត្តិការដែលមានប្រវត្ថិប្រពៃណីដ៏យូរលង់ កិច្ចសហប្រតិបត្តិការរស់យើងពីគ្រប់ជ្រុងជ្រោយ ទៅជាមិត្តដែលថែប ហើយឥលូវ កិច្ចសហប្រតិបត្តិការត្បូងពេជ្រទៀត យ៉ាងណាមិញ នៅក្នុង ស៊ីហ្គេមនេះ មិនអាចកាត់ផ្តាច់បាន មិនអាចមើលរំលងបានពីការជួយឧបត្ថម្ភរបស់មិត្តចិនទេ លោកប្រធានាធិបតី Xi Jinping បាន ជួយនូវជំនួយឥតសំណងមួយ ក្នុងការជួយការកសាងនូវ វិមានកីឡាមរតកតេជោ អស្ចារ្យណាស់ ជាសម្បត្តិមហាសាលមួយ ហើយជាចំណងដៃរបស់លោកប្រធានាធិបតី Xi Jinping ចំពោះសម្តេចតេជោ ហ៊ុន សែន ជាចំណងដៃរបស់ប្រជាជនចិន ចំពោះប្រជាជនកម្ពុជា»

ការប្រកួតកីឡាអាស៊ី នៅក្រុងហាងចូវលើកនេះ បានបន្ថែមវិញ្ញាសាចំនួនពីរ គឺកីឡាអេឡិចត្រូនិក និង Breakdancing។ ក្នុងនាមសមាជិកគណៈកម្មការអូឡាពិកអន្តរជាតិ ឯកឧត្តម ថោង ខុន បានបង្ហាញពីការគំាទ្រពេញទំហឹង ចំពោះការបន្ថែមវិញ្ញាសាទាំងនេះ។

ឯកឧត្តម ថោង ខុន៖ «នេះគឺជាយុទ្ធសាស្ត្ររបស់គណៈកម្មការអូឡាពិកអន្តរជាតិ ដែលបានដាក់កីឡាពីរនេះរួចហើយ គឺកីឡា Breakdancing និងកីឡាអេឡិចត្រូនិក។ Breakdancing នេះ ស្របទៅនឹងយុគសម័យទំនើបនៃយុវជន និងយុវវ័យ ព្រោះនេះគឺទាំងកម្លាំងកាយ កម្លាំងបញ្ញា ការវ័យឆ្លាត គឺត្រឹមត្រូវ ក្នុងនាមសមាជិកអូឡាពិក គាំទ្រហើយគិតថា មានសារៈសំខាន់ណាស់ សម្រាប់កីឡាអាស៊ីរបស់យើង»

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន