(ភ្នំពេញ)៖ លោកឧត្តមអគារនុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំឲ្យពិនិត្យទឹកនោមមន្ដ្រីពន្ធនាគារទូទាំងប្រទេស ដើម្បីស្វែងរកសារធាតុញៀន និងជនជាប់ឃុំដែលមានការសង្ស័យប្រើប្រាស់សារធាតុញៀន។

ក្នុងសេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក ឈន សាណាត បានបញ្ជាក់ថា សម្រាប់ការចុះប្រតិបត្តិការធ្វើតេស្តរកសារធាតុញៀនជាក់ស្ដែង នឹងដឹកនាំចុះអនុវត្តផ្ទាល់ដោយ អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយមន្ត្រីពេទ្យពន្ធនាគារគោលដៅនីមួយៗ ដោយមិនមានការជូន ដំណឹងជាមុន។

លោកសង្កត់ធ្ងន់ថា ក្នុងករណីរកឃើញថា មន្ត្រីពន្ធនាគារមានចេតនាគេចវេស ក្នុងការមិនចូលរួមសហការធ្វើតេស្ដ ឬរកឃើញមានសារធាតុញៀន អគ្គនាយកដ្ឋានពន្ធនាគារ នឹងគោរពស្នើសុំគោលការណ៍សម្រេចពី ក្រសួងដើម្បីអនុវត្តនូវវិធានការរដ្ឋបាលនានា និងវិធានការផ្លូវច្បាប់ជាធរមាន៕