(វ៉ាស៊ីនតោន)៖ ទីក្រុងវ៉ាស៊ីនតោន បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសកម្រិតធ្ងន់បំផុត ចំពោះការវាយប្រហារ ដោយអំពើភេរវកម្ម នៅភាគអាគ្នេយ៍ប្រទេសតួកគី ដែលបានបណ្តាលឲ្យមនុស្ស ០៦នាក់ស្លាប់ និង ៥៤នាក់ទៀត រងរបួសនៅថ្ងៃពុធ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀល ថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០១៦។
ការវាយប្រហារខាងលើនេះដែរ ត្រូវបានអាជ្ញាធរតួកគីអះអាងថា ជាស្នាដៃរបស់ក្រុមជ្រុលនិយមរបស់គណបក្ស ពលករឃើដ ស្ថិតនៅភាគអាគ្នេយ៍ប្រទេស។ ឆ្លើយតបនឹងបញ្ហាខាងលើនេះ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ អាមេរិកលោក Ned Price បានលើកឡើងថា «សហរដ្ឋអាមេរិក ថ្កោលទោសក្នុងកម្រិតធ្ងន់បំផុត ចំពោះការវាយ ប្រហារដោយភេរវកម្មនៅតួកគី។ យើងសូមចូលរួមរំលែកទុក្ខ និងផ្តល់ក្តីស្រឡាញ់យ៉ាងកក់ក្តៅចំពោះ ក្រុមគ្រួសារជនរងគ្រោះដែលបានបាត់បង់ជីវិត និងរងរបួស»។
គួរបញ្ជាក់ថា ក្រោយពីរដ្ឋប្រហារបានទទួលបរាជ័យកាលពីថ្ងៃទី១៥ ខែកក្កដា នោះ ប្រទេសតួកគីបានទទួលរងនូវ ការវាយប្រហារដោយអំពើភេរវកម្មជារឿយៗ។ ប៉ុន្តែនេះជាលើកទីមួយដែលអាមេរិក បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសភេរវកម្មនៅតួកគីបន្ទាប់ពីរដ្ឋប្រហារ ខណៈដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរកំពុងតែប្រឈមមុខនូវ ភាពតានតឹងផ្នែកការទូតនៅឡើយ ដោយសារតែមេខ្លោងធ្វើរដ្ឋប្រហារ ដែលរដ្ឋាភិបាលតួកគីចង់ចាប់ខ្លួនបំផុតនោះ កំពុងរស់នៅសហរដ្ឋអាមេរិកនៅឡើយ៕