(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ បានផ្តល់អនុសាសន៍៧ចំណុច ដើម្បីលើកកម្ពស់វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ឆ្ពោះទៅសម្រេចឲ្យបាននូវគោលដៅទី២នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ពោលគឺបញ្ចប់ភាពអត់ឃ្លាន សម្រេចឲ្យបានសន្តិសុខស្បៀង ធ្វើឲ្យប្រសើរឡើងស្ថានភាពអាហារូបត្ថម្ភ និងលើកកម្ពស់កសិកម្មប្រកបដោយចីរភាព។

​ទេសរដ្ឋមន្ត្រីអ៊ុក រ៉ាប៊ុន បានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធ​ និងបងប្អូនប្រជាពលរដ្ឋ ឲ្យចូលរួម៖

* ទី១. ដាំ ឬផលិតគ្រប់មុខដំណាំជាលក្ខណៈគ្រួសារ ឬជាសហគមន៍,
* ទី២. ជំរុញលើកកម្ពស់ការចិញ្ចឹមសត្វឲ្យកាន់តែទូលំទូលាយ និងមាននិរន្តរភាព និងសុវត្ថិភាពចំណីអាហារ ដោយគិតគូរពីអនាម័យ និងភោត្តគាមអនាម័យ,
* ទី៣. បង្កើនការការពារ និងអភិរក្សធនធានជលផល និងជំរុញការអភិវឌ្ឍវារីវប្បកម្ម,
* ទី៤. ជំរុញលើកទឹកចិត្តឲ្យប្រជាពលរដ្ឋបរិភោគអាហារធម្មជាតិចម្រុះមុខ ដែលមាននៅក្នុងមូលដ្ឋាន ដែលសម្បូរទៅដោយសារជាតិចិញ្ចឹម ជាពិសេសបន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត និងគ្រាប់ធ​ញ្ញជាតិ និងអាហារបញ្ជូលមីក្រូសារជាតិ,
* ទី៥. បន្តវិនិយោគលើការពង្រឹងពិពិធកម្មស្បៀងអាហារ ដោយផ្តោតលើការធ្វើពិពិធកម្មដំណាំ និងគ្រាប់ពូជដំណាំ ដែលមានភាពស៊ាំទៅនឹងការបម្រែបម្រួលអាកាសធាតុ សម្បូរអាហារូបត្ថម្ភ,
* ទី៦. បន្តជំរុញ និងធានាឱ្យទារក និងកុមារតូចអាយុ ៦ -២៤ ខែ ទទួលបានអាហារបន្ថែមសមស្រប ដោយផ្តល់នូវអាហារចម្រុះក្នុងបរិមាណសមស្របតាមអាយុប្រកបដោយសុវត្ថិភាព និងងាយស្រួលរកបាន

* ទី៧. បន្តវិនិយោគទៅលើរបកគំហើញ និងបច្ចេកវិទ្យាថ្មីៗ និងពង្រឹងការស្រាវជ្រាវ ប្រមូល វិភាគ ចងក្រង ផ្សព្វផ្សាយទិន្នន័យ និងប្រើប្រាស់ទិន្នន័យស្តីពីការដាំដុះ ទីផ្សារផលិតផលកសិកម្ម និងសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ឱ្យកាន់តែល្អប្រសើរឡើង ទៅដល់អ្នកធ្វើសេចក្តីសម្រេចចិត្ត អ្នករៀបចំផែនការ និងយុទ្ធសាស្រ្តពាក់ព័ន្ធនានា ដែលជួយឱ្យយើងអាចពិនិត្យតាមដាន ពីវឌ្ឍនភាពដោយមានប្រសិទ្ធភាព និង កំណត់ពីអភិក្រមដើម្បីអនុវត្តឱ្យបានសមស្រប។

អនុសាសន៍របស់បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ​បានធ្វើឡើងក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការវិភាគលើការបំពេញកង្វះសារជាតិចិញ្ចឹមនៅកម្ពុជា នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ​ដែលចែករំលែកនូវលទ្ធផល និងរបកគំហើញ ដែលបានមកពីការវិភាគលើការបំពេញកង្វះសារជាតិចិញ្ចឹមនៅកម្ពុជា និងផ្តល់អនុសាសន៍មួយចំនួនដល់អ្នកពាក់ព័ន្ធ ដើម្បីអន្តរាគមន៍ឲ្យទាន់ពេលវេលា សំដៅលើកកម្ពស់វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ នៅកម្ពុជា។

​ផ្អែកលើរបាយការណ៍អង្កេតប្រជាសាស្ត្រ និងសុខភាព ឆ្នាំ២០២២ របស់ក្រសួងផែនការ កុមារអាយុក្រោម៥ឆ្នាំ ២២% មានភាពក្រិសក្រិន, ១៦% មិនគ្រប់ទម្ងន់, ១០% ស្គមស្គាំង។ ប៉ុន្តែក្នុងពេលដែលយើងទាំងអស់គ្នាកំពុងខិតខំប្រឹងប្រែង កាត់បន្ថយបញ្ហាកង្វះអាហារូបត្ថម្ភ, បញ្ហាលើសអាហារូបត្ថម្ភ ក៏កំពុងកើនឡើងដែរ ដោយក្នុងនោះ ៤% នៃកុមារអាយុក្រោម៥ឆ្នាំ លើសទម្ងន់ (ទិន្នន័យ ឆ្នាំ២០២១) ១៤% នៃស្ត្រីមានអាយុចន្លោះ១៥ ដល់៤៩ឆ្នាំ មានសន្ទស្សន៍ម៉ាស់រាង្គកាយ (BMI ទាបជាង១៨,៥) (ស្គម) ហើយស្ត្រី១៨% មានសន្ទស្សន៍ម៉ាស់រាងកាយ (BMI>២៥) លើសទម្ងន់។

បញ្ហាកង្វះអាហារូបត្ថម្ភ និងបញ្ហាលើសអាហារូបត្ថម្ភ ជាសញ្ញាបង្ហាញនូវបម្រែបម្រួលសេដ្ឋកិច្ច និងជាការព្យាករណ៍ប្រាប់នូវបញ្ហាប្រឈមកាន់តែធំធេងថែមទៀត ដែលនឹងអាចកើតឡើងនាពេលអនាគត រួមទាំងបញ្ហាទាក់ទងនឹងជំងឺមិនឆ្លងនានាផងដែរ។

កង្វះអាហារូត្ថម្ភក្នុងវ័យដំបូងរបស់កុមារ មិនត្រឹមតែប៉ះពាល់ដល់សុខភាព និងមរណភាពរបស់កុមារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ការរីកចំរើនខាងសតិបញ្ញារបស់កុមារ ការសិក្សា និងផលិតភាពការងារ នាពេលអនាគតរបស់កុមារ ហើយលទ្ធផលនេះ គឺប៉ះពាល់មិនត្រឹមតែទៅលើសេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិទាំងមូល។

លោកទេសរដ្ឋមន្ត្រី បញ្ជាក់ថា ទោះបីកន្លងមក សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនក៏ដោយ ក៏ប្រជាជនមួយចំនួននៅតែមានការលំបាកក្នុងការទទួលបានរបបអាហារដែលមានសុខភាពល្អ ដោយសារប្រព័ន្ធស្បៀងរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិ និងវិបត្តិនានា។ ដើម្បីដោះស្រាយបញ្ហាប្រព័ន្ឋស្បៀង និងបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តោតអាទិភាពលើការជំរុញផលិតកម្មកសិកម្ម ដោយផ្ដោតលើការបង្កើនផលិតភាព គុណភាព ពិពិធភាព តម្លៃបន្ថែម និងភាពធន់ តាមរយៈការស្រាវជ្រាវ និងការអភិវឌ្ឍពូជដំណាំ ពូជសត្វ និងវារីវប្បកម្ម ដែលធន់នឹងអាកាសធាតុ និងឆ្លើយតបនឹងតម្រូវការទីផ្សារ ការគ្រប់គ្រង និងការពង្រឹងគុណភាពដី ការកំណត់តំបន់ដាំដុះ និងការកសាងផែនទីដាំដុះ ការបន្តជំរុញសេវាធានារ៉ាប់រងកសិផល ការពង្រឹងសហគ្រិនភាពនៃសហគមន៍កសិកម្ម ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មនៅតាមមូលដ្ឋាន និងការពង្រឹងបច្ចេកទេសកសិកម្មទំនើប វៃឆ្លាតឌីជីថល និងមានសុវត្ថិភាព។

លោកស្រី អានណែលូ ឌូវាល់ Annelaure Duval នាយិកាស្តីទីអង្គការកម្មវិធីស្បៀងអាហារពិភពលោក និងលោកស្រី ហែនឌី អ៊ី តំណាងអង្គការ UNICEF បានយល់ស្របគ្នាថា ប្រព័ន្ធស្បៀងតែមួយ មិនគ្រប់គ្រាន់ទេ សម្រាប់ការបំពេញកង្វះសារជាតិចិញ្ចឹម វាពាក់ព័ន្ធនឹងកត្តាជាច្រើនទៀត ដូចជាការគាំពារសង្គម សុខាភិបាល ពាណិជ្ជកម្ម របបអាហារសុខភាពដែលសម្បូរទៅដោយសារធាតុចិញ្ចឹមគ្រប់គ្រាន់ ពិសេសសម្រាប់កុមារនិងស្ត្រី រួមនឹងវិស័យកសិកម្ម។ ការប្រែប្រួលអាកាសធាតុ បានជះឥទ្ឋិពលយ៉ាងខ្លាំងដល់ប្រព័ន្ធស្បៀងអាហារនៅកម្ពុជា ដែលនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ពិសេសជនងាយរងគ្រោះ។ ដូចនេះ ត្រូវមានការចូលរួមអន្តរាគមន៏ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីដោះស្រាយបញ្ហាកង្វះសារធាតុចិញ្ចឹមនៅកម្ពុជាប្រកបដោយប្រសិទ្ធភាព៕