(រតនគិរី)៖ គណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍន៍កុមារតូច, អង្គការយូនីសេហ្វ ប្រចាំប្រទេសកម្ពុជា និងគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តរតនគិរី បានបើកសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការសកម្មភាព និងថវិកា ថ្នាក់ខេត្តស្តីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូច(០-៦ឆ្នាំ)។

ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រោមវត្តមានលោកស្រី សន ម៉ារ៉ាដា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាតំណាងគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍន៍កុមារតូច លោកបណ្ឌិត អានិបាន ចិត្តតេជី (Anirban Chatterjee) នាយករងអង្គការយូនីសេហ្វ ប្រចាំប្រទេសកម្ពុជា លោកស្រី ចក់ មើល ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តរតនគិរី

ពិធីនេះមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អភិបាលក្រុង ស្រុកទាំង៩ អង្គការដៃគូអភិវឌ្ឍន៍ និងសមាជិក សមាជិកាដែលបានអញ្ជើញមកពីបណ្តាលខេត្តចំនួន៦ មានដូចជា ខេត្តព្រៃវែង កណ្តាល កំពត បាត់ដំបង សៀមរាប និងក្រចេះ ជាច្រើនរូបផងដែរ។

ក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយលោកស្រី សន ម៉ារ៉ាដា បានថ្លែងថា ការគាំពារ និងអភិវឌ្ឍកុមារតូច បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ និងមិនអាចខ្វះបានក្នុងការអភិវឌ្ឍមូលធនមនុស្ស ដោយផ្តើមចេញពីការគាំទ្រការអនុវត្តតាមបែបពហុវិស័យបញ្ចូលគ្នា។ជាក់ស្ដែងការស្រាវជ្រាវជាច្រើនបានឱ្យដឹងថា កុមារដែលបានទទួលសេវាគាំពារ និងឆ្លងកាត់ថ្នាក់មត្តេយ្យសិក្សា តែងតែបានចូលរៀននៅសាលាបឋមសិក្សាដោយជោគជ័យ ហើយភាគច្រើនរៀនចប់បឋមសិក្សាដោយពុំមានការត្រួតថ្នាក់ និង បោះបង់ការសិក្សាឡើយ។

លោកស្រីបានបន្តថា ចាប់ពីថ្ងៃកកំណើតរហូតដល់អាយុក្រោម៣ឆ្នាំ គឺជាអំឡុងពេលដែលមាតាបិតាត្រូវផ្ដល់ អាហារូបត្ថម្ភឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យកោសិកាខួរក្បាលមានការលូតលាស់បានល្អ ពីព្រោះក្នុងដំណាក់កាលដំបូងនេះ កោសិការខួរក្បាលកុមារមានការលូតលាស់យ៉ាងឆាប់រហ័សដល់៧០%។ កុមារអាយុ៣ឆ្នាំអាចអភិវឌ្ឍរហូតដល់៨០% នៃខួរក្បាលរបស់មនុស្សធំ និងរហូតដល់៩០% នៅអាយុ៥ឆ្នាំ ដែលជាកត្តាកំណត់សម្រាប់ការអភិវឌ្ឍពុទ្ធិបញ្ញា និងការបណ្ដុះបំណិនផ្សេងទៀត ដូចជាបំណិនសង្គម ភាពក្លាហាន ភាពអំណត់ បំណិនទំនាក់ទំនងជាដើម ដែលដើរតួនាទីយ៉ាងសំខាន់សម្រាប់ការធានាជោគជ័យក្នុងជីវិតរបស់កុមារ។

លោកស្រី សន ម៉ារ៉ាដា ក៏បានកោតសរសើរដោយស្មោះ ជូនចំពោះសមាជិក សមាជិកា ជាពិសេសគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការ ស្រ្តីនិងកុមារ និងអាជ្ញាធរខេត្តរតនគិរី ដែលបានដឹកនាំសហការសម្របសម្រួលជាមួយមន្ត្រីជំនាញមន្ទីរវិស័យពាក់ព័ន្ធ និងតំណាងរដ្ឋបាលស្រុក នៃរដ្ឋបាលខេត្តរតនិរី តំណាងដៃគូអភិវឌ្ឍ និងសង្គមស៊ីវិលពាក់ព័ន្ធសំខាន់ៗ ដែលរៀបចំឡើងដោយមានការសិក្សាឯកសារពាក់ព័ន្ធសំខាន់ៗយ៉ាងហ្មត់ចត់ និងបានពិគ្រោះយោបល់ជាច្រើនលើកច្រើនសារ ដើម្បីប្រមូលបាននូវធាតុចូលមានលក្ខណៈគ្រប់ជ្រុងជ្រោយឆ្លើយតបតម្រូវការលូតលាស់របស់កុមារតូច៕