(សៀមរាប)៖ លោក ប្រាក់ សោភ័ណ អភិបាលខេត្ដសៀមរាប នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំយុទ្ធនាការសម្អាតបរិស្ថន ក្នុងក្រុងសៀមរាប ដើម្បីអបអរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង» ដោយមានការចូលរួមពីមន្ដ្រីរាជការជុំវិញខេត្ត ព្រមទាំងសិស្សានុសិស្សមកពីតាមបណ្ដាសាលារៀនផ្សេងៗ អង្គការដៃគូជាតិនិងអន្ដរជាតិជាច្រើន។

យុទ្ធនាការសម្អាតបរិស្ថាននេះដើម្បីធានាបាននូវភាពទាក់ទាញសម្រាប់គោលដៅទេសចរណ៍បៃតងធម្មជាតិ និងលើកកម្ពស់ការអភិវិឌ្ឍ ស្របតាមតម្រូវការភ្ញៀវទេសចរជាតិនិងអន្ដរជាតិ ដើម្បីអបអរទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង»

លោកអភិបាលខេត្ត ប្រាក់ សោភ័ណ បានលើកឡើងថា ការរៀបចំយុទ្ធនាការសម្អាតបរិស្ថានក្រុងនាថ្ងៃនេះ ក្នុងគោលបំណងបំផុសចលនាប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការគ្រប់ជាន់ថ្នាក់ សិស្ស និស្សិតទាំងអស់ឱ្យចូលរួមធ្វើអនាម័យ កែលម្អសោភ័ណ្ឌភាពទីក្រុង ទីប្រជុំជន ជនបទ ភូមិដ្ឋាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស និងទីផ្សារ សំដៅរួមចំណែកកសាងសង្គមកម្ពុជាមានបរិស្ថានល្អស្អាត និងមានភាពស្រស់បំព្រង។

លោក ប្រាក់ សោភ័ណ បានបន្ដថា គុណភាពបរិស្ថាន សោភ័ណភាពទីប្រជុំជន សុខុមាលភាពសាធារណៈ ចាំបាច់ត្រូវយកចិត្តទុកដាក់បំផុត។ ការគ្រប់គ្រងសំណល់ត្រូវចេះវេចខ្ចប់ និងញែកសំណល់សំរាមគ្រប់ប្រភេទ ដូចជា សំណល់អាចកែច្នៃបាន (អេតចាយ) សំណល់សរីរាង្គ សំណល់ផ្ទុកសារធាតុគ្រោះថ្នាក់ និងសំណល់ផ្សេងៗ ដើម្បីប្រែក្លាយសំណល់មួយចំនួនឱ្យមានតម្លៃសេដ្ឋកិច្ច និងកាត់បន្ថយបរិមាណសំណល់នៅតាមទីសាធារណៈ។

លោកក៏បានសម្ដែងមោទនភាពនៃធ្វើការយុទ្ធនាការសម្អាតបរិស្ថានក្រុងសៀមរាប ដើម្បីអបអរសាទរទិវាអូហ្សូនបរិស្ថានអន្តរជាតិ និងទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង» ក្នុងខេត្តទេសចរណ៍ដ៏បវរនេះ ខណៈដែលការប្រារព្ធទិវានេះជារៀងរាល់ឆ្នាំបានប្រព្រឹត្តទៅដោយលទ្ធផលផ្លែផ្កា និងមានការចូលរួមកាន់តែសស្រាក់សស្រាំថែមទៀតពីសំណាក់អ្នកពាក់ព័ន្ធ ក៏ដូចជាគ្រឹះស្ថានសិក្សាសាធារណៈ រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន សហគមន៍មូលដ្ឋានផងដែរ។

លោក ប្រាក់ សោភ័ណ ក៏បានជំរុញអ្នកពាក់ព័ន្ធត្រូវចាត់វិធានការធ្វើអនាម័យតាមទីសាធារណៈជាប្រចាំ ដោយត្រូវប្រមូលសំរាមមិនឱ្យមានតាមដងផ្លូវ សួនច្បារ ទីធ្លា ទីផ្សារ និងរៀបចំដាំកូន ឈើតាមដងផ្លូវនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ជាមួយគ្នានេះដែរ ត្រូវបំផុសចលនាប្រជាពលរដ្ឋឱ្យធ្វើអនាម័យតាម លំនៅដ្ឋាន និងតាមទីតាំងកម្មសិទ្ធិរបស់ខ្លួន ដោយត្រូវណែនាំឱ្យប្រជាជនចូលរួមសម្អាត ប្រមូលទុកដាក់សំរាម សំណល់រឹងឱ្យបានសមស្រប តាមស្ថានភាពជាក់ស្តង នៃមូលដ្ឋាននីមួយៗ ក្នុងទិសដៅធានាឱ្យបាននូវគុណភាពបរិស្ថាន សោភ័ណភូមិដ្ឋាន និងសុខភាពអនាម័យ។

តាមរយៈសកម្មភាពរួមនេះក៏ជាសារផ្សព្វផ្សាយដើម្បីបញ្ជ្រៀបការយល់ដឹងអំពីសារៈសំខាន់នៃបរិស្ថានស្អាត ទាំងគ្រប់លំនៅដ្ឋាន ភូមិដ្ឋាន ទីសាធារណៈ ការទុកដាក់ និងគ្រប់គ្រង កាក់សំណល់ឱ្យបានត្រឹមត្រូវល្អ រក្សាបានអនាម័យដើម្បីឱ្យខេត្តទេសចរណ៍មួយនេះមានសោភ័ណភាពស្រស់បំព្រង បៃតង ខ្យល់បរិសុទ្ធ ស្ទឹងនិងគ្រប់វិថីមានរបៀប ផាសុកភាព ទាក់ទាញភ្ញៀវទេសចរ និងផ្តល់សុខមាលភាពជូនភ្ញៀវជាតិនិងអន្តរជាតិ និងត្រៀមលក្ខណៈអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣។

ជាមួយគ្នានេះ ការលើកកម្ពស់គុណភាពទីក្រុងស្អាត សេវាសាធារណៈផ្ដល់ភាពងាយស្រួល ជាពិសេសការយល់ដឹងដល់សិស្ស និស្សិត ប្រជាពលរដ្ឋ នឹងទទួលទានតាមរយៈវិស័យទេសចរណ៍ ដើម្បីធានាបាននូវភាពទាក់ទាញ ស្ដង់ដារ ទិសដៅទេសចរណ៍បៃតងធម្មជាតិ លើកកម្ពស់ការអភិវឌ្ឍ និងផ្សារភ្ជាប់ជាមួយការការពារស្រលាញ់ធម្មជាតិ ស្របតាមតម្រូវការភ្ញៀវទេសចរជាតិនិងអន្ដរជាតិផងដែរ៕