(ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដាក់ចេញគោលការណ៍ធំៗ៤ចំណុច ផ្ដោតលើមូលធនមនុស្សនិងការបណ្ដុះបណ្ដាលជំនាញក្នុងវិស័យទេសចរណ៍ នវានុវត្តន៍និងឌីជីថលូបនីយកម្មវិស័យទេសចរណ៍ ការអភិវឌ្ឍនិងវិនិយោគផលិតផលទេសចរណ៍បៃតង ការជំរុញការទាក់ទាញទេសចរជាតិនិងអន្តរជាតិ ព្រមទាំងការបង្កើនការផ្សព្វផ្សាយពីគោលដៅកម្ពុជាទៅកាន់ទីផ្សារទេសចរណ៍អន្តរជាតិជាដើម។

ការដាក់ចេញគោលការណ៍ណែនាំនេះ ត្រូវបានធ្វើឡើងក្នុង​ឱកាសក្រសួងទេសចរណ៍ប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង» នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងទេសចរណ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងទេសចរណ៍ ក្រសួង ស្ថាប័នពាក់ព័ន្ធ សមាគម សាកលវិទ្យាល័យ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងវិស័យឯកជនសរុបប្រមាណចំនួន៣២០នាក់។

គោលការណ៍នាំទាំង៤ចំណុចនោះ រួមមាន៖

១. ផ្ដោតលើមូលធនមនុស្ស៖ លោករដ្ឋមន្ត្រីបានស្នើដល់ក្រសួង ស្ថាប័ន វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ផ្ដល់កិច្ចសហការគាំទ្រដល់ក្រសួងទេសចរណ៍ ដើម្បីរៀបចំកម្មវិធីការងាររួមលើការបណ្ដុះបណ្ដាលជំនាញដល់យុវជន ពិសេសយុវជនដែលមកពីគ្រួសារក្រីក្រ ឱ្យទទួលបានវិញ្ញាបនបត្រជំនាញ១យ៉ាងតិចក្នុងផ្នែកទេសចរណ៍ សំដៅរួមចំណែកសម្រេចឱ្យបាននូវគោលដៅដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧។ ជំរុញលើកទឹកចិត្តដល់ក្រសួង ស្ថាប័ន វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តផ្ដោតសំខាន់លើការលើកកម្ពស់ភាពច្នៃប្រឌិត ទេពកោសល្យ និងការកែច្នៃធនធានវប្បធម៌ ធម្មជាតិឱ្យក្លាយជាផលិតផលទេសចរណ៍ប្រកបដោយភាពទាក់ទាញ ដោយរំលេចនូវគុណតម្លៃ និងឈរលើគោលការណ៍ផ្សារភ្ជាប់ទឹកដីនិងធម្មជាតិ។ ពង្រឹងសមត្ថភាពសិក្សាស្រាវជ្រាវផ្នែកទេសចរណ៍ ពិសេសជំរុញឱ្យមានការរៀបចំកម្មវិធី និងការផ្លាស់ប្ដូរបទពិសោធន៍លើវិស័យទេសចរណ៍។

២. នវានុវត្តន៍ និងឌីជីថលូបនីយកម្មក្នុងវិស័យទេសចរណ៍៖ រៀបចំកម្មវិធីសិក្សា និងឧបករណ៍សិក្សាក្នុងការបង្កើនការបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថល ជូនគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងវិស័យទេសចរណ៍កម្ពុជា។ ជំរុញឱ្យមានការសិក្សាស្រាវជ្រាវ រកដំណោះស្រាយថ្មីៗក្នុងសេវាកម្មទេសចរណ៍ ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថលតាមសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សាទេសចរណ៍នានា សំដៅបំផុសគំនិតបង្កើតថ្មីដល់សិស្ស និស្សិតដែលកំពុងសិក្សា​ ព្រមទាំងលទ្ធភាពនៃការរៀបចំព្រឹត្តិការណ៍ ការប្រកួតប្រជែងគំនិតច្នៃប្រឌិតក្នុងវិស័យសិក្សាស្រាវជ្រាវទេសចរណ៍។

៣. បង្កើនការអភិវឌ្ឍ និងវិនិយោគនៅតំបន់ទេសចរណ៍បៃតង៖ មន្ទីរទេសចរណ៍រាជធានី-ខេត្តត្រូវបន្តពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍មូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធរៀបចំផែនការសកម្មភាព ពង្រីកការអភិវឌ្ឍ និងវិនិយោគផលិតផលទេសចរណ៍បៃតងឱ្យឆ្លើយតបនឹងនិន្ននាការទេសចរថ្មី។ ចូលរួមដោះស្រាយបញ្ហាពាក់ព័ន្ធបម្រែបម្រួលអាកាសធាតុ និងចំណាកស្រុក ដោយឈរលើគោលការណ៍នៃការការពារតំបន់ធម្មជាតិ បេតិកភណ្ឌ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់មូលដ្ឋាន។ រៀបចំឱ្យមានផែនការសកម្មភាពអភិវឌ្ឍន៍ទេសចរណ៍ម្ហូបអាហារដែលមានភាពច្នៃប្រឌិត និងការចូលរួមចំណែកបង្កើនការប្រើប្រាស់កសិផលក្នុងស្រុក ក៏ដូចជាការប្រើប្រាស់នៅមូលដ្ឋាន សំដៅពង្រឹងតួនាទីទេសចរណ៍ជាការនាំចេញនៅនឹងកន្លែង ព្រមទាំងផ្ដល់អត្ថប្រយោជន៍កាន់តែប្រសើរដល់ប្រជាពលរដ្ឋមូលដ្ឋាន។

ទី៤. ជំរុញការទាក់ទាញទេសចរជាតិនិងអន្តរជាតិ៖ មន្ទីរទេសចរណ៍រាជធានី-ខេត្តត្រូវសហការជាមួយអាជ្ញាធរ មន្ទីរពាក់ព័ន្ធនានាបង្កើនចលនាទេសចរក្នុងស្រុកឱ្យកាន់តែខ្លាំងបន្ថែមទៀត ជាពិសេសត្រូវបង្កើនការផ្សព្វផ្សាយផលិតផលទេសចរណ៍ដែលមានស្រាប់ និងបង្កើនថ្មីនៅតាមរាជធានី-ខេត្តរបស់ខ្លួនឱ្យបានសកម្មប្រកបដោយភាពច្នៃប្រឌិត។ ស្នើដល់ក្រសួង ស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ផ្ដល់កិច្ចសហការគាំទ្រក្រសួងទេសចរណ៍ក្នុងការជំរុញទេសចរអន្តរជាតិ ពិសេសទេសចរមកពីគ្រប់តំបន់ តាមរយៈការសម្របសម្រួលការធ្វើដំណើរ និងផ្ដល់បដិសណ្ឋារកិច្ចល្អ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងទេសចរណ៍នឹងជំរុញការផ្សព្វផ្សាយឱ្យចំគោលដៅ និងប្រើប្រាស់យន្តការនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដើម្បីជំរុញការទាក់ទាញទេសចរណ៍មកពីប្រទេសតំបន់អាស៊ាន ក៏ដូចជាគោលដៅសំខាន់ៗផ្សេងៗទៀត។

លោករដ្ឋមន្រ្តីបានបន្តថា ដើម្បីអនុវត្តនូវអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រសួងទេសចរណ៍នឹងអនុវត្តគំនិតផ្តួចផ្តើមយុទ្ធសាស្រ្តរួម ក្នុងការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ការប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ដោយផ្តោតលើគំនិតផ្តួចផ្តើមថ្មីដែលមានសសរស្តម្ភយុទ្ធសាស្ត្រចំនួន៥ ហៅកាត់ថា «បង្កើន៥-Build» ព្រមទាំងមានសមាសធាតុគាំទ្រចំនួន៣ ហៅកាត់ថា «អភិវឌ្ឍ៣-3Ds»