(ភ្នំពេញ)៖ បន្ទាប់ពីរាជរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើងរយៈពេលជាងមួយខែនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា បានទទួលជួបមន្ត្រីជាន់ខ្ពស់របស់អាមេរិកជាបន្តបន្ទាប់។ មកដល់ត្រឹមព្រឹកថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលជួបមន្ត្រីជាន់ខ្ពស់របស់អាមេរិកចំនួន៣លើកហើយ។
លើកទី១ សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបគណ:ប្រតិភូមន្ត្រីព្រឹទ្ធសភាអាមេរិក ដឹកនាំដោយលោក អាឡិច ខានស៍ (Alex Carnes) ក្រឡាបញ្ជីនៃក្រុមភាគច្រើនរបស់អនុគណ:កម្មាធិការស្តីពីប្រតិបត្តិការរបស់រដ្ឋ និងបរទេស និងកម្មវិធីពាក់ព័ន្ធនានា របស់គណ:កម្មាធិការគ្រប់គ្រង និងបែងចែកថវិកាជាតិរបស់ព្រឹទ្ធសភាអាមេរិក។ ជំនួបធ្វើឡើងនៅវិមានសន្តិភាពនាល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។
ជំនួបលើកទី២ សម្តេចធបិតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី វ៉ិចតូរីយ៉ា នូលែន អនុរដ្ឋមន្ត្រីការបរទេសស្តីទីអាមេរិក។ ជំនួបធ្វើឡើងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ពេលសម្តេចធិបតីអញ្ជើញចូលរួមថ្លែងសុន្ទរកថានៅមហាសន្និបាតអង្គការសហប្រជាជាតិ។
ជំនួបលើកទី៣ សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោក មូហ្វី ឯកអគ្គរដ្ឋទូតអាមេរិក។ ធ្វើនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅវិមានសន្តិភាព។
ក្នុងជំនួបជាបន្តបន្ទាប់នោះ ជាពិសេសក្នុងជំនួបជាមួយលោកស្រីអនុរដ្ឋមន្ត្រីស្តីទីរបស់ក្រសួងការបរទេសអាមេរិក ហាក់ទទួលបានភាពវិជ្ជមានគួរឱ្យកត់សម្គាល់។ យោងតាមអ្វីដែលជាការបញ្ជាក់របស់លោក តាន់ ហ្សង់-ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងជំនួបនោះគ្រាន់តែចាប់ផ្តើមភ្លាម លោកស្រី វ៉ិចតូរីយ៉ា នូលែន បានស្វាគមន៍ដោយការអបអរសាទរសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាការបង្ហាញឱ្យឃើញពីការទទួលស្គាល់របស់អាមេរិកចំពោះនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា ខណៈដែលក្រោយការបោះឆ្នោតខែកក្កដា ឆ្នាំ២០២៣ អាមេរិកហាក់សម្តែងប្រតិកម្មខ្លះលើដំណើរការបោះឆ្នោតនៅកម្ពុជា។
មិនត្រឹមតែស្វាគមន៍ដោយបង្ហាញការទទួលស្គាល់រាជរដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាប៉ុណ្ណោះទេ លោកស្រីអនុរដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសអាមេរិក ថែមទាំងប្រកាសផ្តល់ប្រាក់ជំនួយសម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជាចំនួន១៨លានដុល្លារក្នុងមួយឆ្នាំមកឱ្យកម្ពុជាឡើងវិញថែមទៀតផង។ ប្រាក់ជំនួយនេះ ត្រូវបានអាមេរិក ប្រកាសផ្អាកនៅក្រោយព្រឹត្តិការណ៍បោះឆ្នោតនៅកម្ពុជានាខែកក្កដា ឆ្នាំ២០២៣ ព្រោះតែអាមេរិកយល់ថា ការបោះឆ្នោតនោះមិនគោរពគោលការណ៍លទ្ធិប្រជាធិបតេយ្យ។
បើតាមលោក ហ្សង់-ហ្វ្រង់ស័រ ការផ្តល់ប្រាក់ជំនួយអភិវឌ្ឍន៍មកកម្ពុជាវិញនេះ គឺលោកស្រី វ៉ិចតូរីយ៉ា នូលែន ប្រកាសនៅពេលចាប់ផ្តើមជំនួបតែម្តង ដោយមិនមានការស្នើសុំណាមួយពីសម្តេចធិបតីនោះឡើយ។ ក្នុងជំនួបជាមួយអនុរដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសអាមេរិក ក៏មានការលើកឡើងផងដែរ ពីបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។ បើតាមលោក ហ្សង់-ហ្វ្រង់ស័រ ក្រោយពេលបានស្តាប់ការពន្យល់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត រួចរាល់ទៅ លោកស្រី នូលែន ហាក់បានបន្ទន់ឥរិយាបថ ពាក់ព័ន្ធដំណើរប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជានេះ។
ក្រៅតែលើកពីបញ្ហាបានលើកបង្ហាញខាងលើនេះទៅ រាល់ជំនួបជាមួយមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកនេះ ក៏សុទ្ធតែបានជជែកពីការពង្រឹង និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាមេរិកផងដែរ។
តាមរយៈជំនួបជាបន្តបន្ទាប់ក្នុងរយៈពេលខ្លីរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីជាន់ខ្ពស់របស់អាមេរិក អាចជាសញ្ញានៃការវិវឌ្ឍន៍ប្រកបដោយផលវិជ្ជមានរវាងកម្ពុជា ឬយ៉ាងណា?
កម្ពុជា និងសហរដ្ឋអាមេរិក បានចាប់ផ្តើមទំនាក់ទំនងការទូតជាមួយគ្នាជាផ្លូវការនៅថ្ងៃទី១១ ខែកក្កដា ឆ្នា១៩៥០។ ពេលចាប់ផ្តើមទំនាក់ទំនងដំបូង អាមេរិក បានចាប់ផ្តើមផ្តល់ជំនួយដល់កម្ពុជា ផ្តោតទៅលើវិស័យអប់រំ និងហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវមិត្តភាពខ្មែរ-អាមេរិកាំង (ផ្លូវជាតិលេខ៤) ដែលតភ្ជាប់រាជធានីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ ដែលជាក្រុងកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា។
តែទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក មិនសូវជាមានភាពផ្អែមល្ហែមនឹងគ្នាឡើយ ហើយពើបប្រទះនូវភាពរកាំរកូសជាបន្តបន្ទាប់។ ទំនាក់ទំនងកម្ពុជា និងអាមេរិក ចាប់ផ្តើមស្គាល់ភាពរកាំរកូស និងធ្លាក់ដុនដាបខ្លាំងរហូតដល់មានការផ្តាច់ចំណងការទូតនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៦៥ ហើយត្រូវបានស្តារ និងភ្ជាប់ឡើងវិញ នៅខែកក្កដា ឆ្នាំ១៩៦៩ ដោយមានការធ្វើទស្សនកិច្ចរបស់ស្ត្រីទី១របស់សហរដ្ឋអាមេរិក គឺលោកស្រី Jacqueline Kennedy នៅកម្ពុជា។
ប៉ុន្តែងទំនាក់ទំនងទ្វេភាគីនេះ ត្រូវបានកាត់ផ្តាច់ម្តងទៀតក្រោយថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពោលនៅក្រោយពេលរបបសាធារណរដ្ឋរបស់លោក លន់ នល់ ត្រូវដួលរលំ ហើយកម្ពុជា ត្រូវបានគ្រប់គ្រងដោយរបបកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយ ប៉ុល ពត។
រហូតដល់ដើមទសវត្សរ៍១៩៩០ ទើបទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក បានចាប់ផ្តើមឡើងវិញ។ សហរដ្ឋអាមេរិក បានបើកស្ថានបេសកកម្មមួយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៩១ ហើយស្ថានបេសកកម្មនេះ ក៏បានដំឡើងជាស្ថានអគ្គរដ្ឋទូតនៅខែឧសភា ឆ្នាំ១៩៩៤។
ចាប់តាំងពីការភ្ជាប់ទំនាក់ទំនងឡើងវិញនៅដើមទសវត្សរ៍១៩៩០មក ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ក៏ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ហើយកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សន្តិសុខ អប់រំ ការអភិវឌ្ឍន៍ និងពាណិជ្ជកម្មក៏ត្រូវបានធ្វើជាមួយគ្នាផងដែរ។ ឆ្នាំ២០២២កន្លងទៅទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក សម្រេចបានរហូតដល់ជាង ១៣ពាន់លានដុល្លារអាមេរិក។
ទំនាក់ទំនងកម្ពុជា និងអាមេរិក រយៈពេលប្រមាណ៣០ឆ្នាំចុងក្រោយនេះ អាចរាប់ថាមានភាពប្រសើរច្រើន បើធៀបនឹងអតីតកាលនោះ។ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា កាលពីឆ្នាំ២០២២ ធ្លាប់បានគូសរំលេចថា អត់មានពេលណាដែលទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកល្អប្រសើរដូចសម័យព្រះរាជាណាចក្រកម្ពុជាទី២នេះឡើយ។ ប៉ុន្តែសម្តេចតេជោ ក៏បានធ្លោយមាត់លើកជាសំណួរដែរថា គ្រាន់តែចង់ធ្វើជាមិត្តល្អរបស់អាមេរិក ហេតុអ្វីក៏លំបាកម្ល៉េះ?
ទំនាក់ទំនងកម្ពុជា និងអាមេរិក រាប់ពីទសវត្សរ៍១៩៩០មក ដ្បិតតែមើលឃើញថា មានភាពល្អប្រសើរច្រើន តែបើធៀបរវាងទំនាក់ទំនងកម្ពុជា និងចិនវិញ ហាក់ទំនាក់ទំនងកម្ពុជា-ចិន បានបោះជំហ៊ានល្អប្រសើរជាងទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក។
បញ្ហាចម្បងដែលគេតែងឃើញបង្កើតជាទំនាស់សម្តីជារឿយៗរវាងកម្ពុជា និងអាមេរិក គឺបញ្ហាប្រជាធិបតេយ្យ សិទ្ធិមនុស្ស សេរីភាពនៃការបញ្ចេញមតិ និងចុងក្រោយនេះ គឺបញ្ហាមូលដ្ឋានទ័ពសមុទ្ររាម។
តើកម្ពុជា និងអាមេរិកអាចទម្លុះបញ្ហាទាំងនេះ ដើម្បីឈានទៅរកឱកាសសាងទំនាក់ទំនងនឹងកាន់តែល្អប្រសើរបានទេ?
បើនិយាយថា ព្រោះតែបញ្ហាប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាពនៃការបញ្ចេញមតិ ជាបញ្ហារាំងស្ទះនៃការសាងទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកហាក់មិនត្រូវនោះទេ។ យើងអាចក្រឡេកទៅមើលទំនាក់ទំនងរវាងអាមេរិក និងវៀតណាម កំពុងសាងភាពស្អិតល្មួងនឹងគ្នាទោះធ្លាប់មានរឿងជូរចត់នឹងគ្នាពីអតីតកាលក្តី ហើយបើនិយាយពីប្រជាធិបតី សិទ្ធិមនុស្ស និងសេរីភាពបញ្ចេញមតិ សម្រាប់ប្រទេសប្រកាន់របបសង្គមនិយមដូចជាវៀតណាម មិនអាចល្អលើសកម្ពុជានោះឡើយ។ តែហេតុអ្វីក៏អាមេរិក អាចសាងទំនាក់ទំនងល្អជាមួយវៀតណាមបាន។
ដោយឡែកបញ្ហាមូលដ្ឋានទ័ពសមុទ្ររាម ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាទាំងក្នុងនីតិកាលចាស់ និង នីតិកាលថ្មីសុទ្ធតែបានបញ្ជាក់ពីនយោបាយអព្យាក្រឹត្យមិនឱ្យមានកងទ័ពបរទេសដាក់មូលដ្ឋានលើដីកម្ពុជានោះឡើយ។ ការអភិវឌ្ឍមូលដ្ឋានទ័ពសមុទ្ររាម គ្រាន់តែជាការពង្រីកសមត្ថភាពខឿនការពារជាតិរបស់កម្ពុជាប៉ុណ្ណោះ។ ដូច្នេះទាំងនេះ មិនមែនជាមូលហេតុបង្កើតជារនាំងនាំឱ្យកម្ពុជា និងអាមេរិក មិនអាចរំកិលកាន់ជិតដិតនឹងគ្នានោះឡើយ។
ក្រឡេកមកមើលកម្ពុជាវិញ តើកម្ពុជាមានគោលនយោបាយបែបណាសម្រាប់សហរដ្ឋអាមេរិក? រាជរដ្ឋាភិបាលកម្ពុជាទាំងក្នុងអាណត្តិចាស់ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងអាណត្តិថ្មី ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសរួចហើយពីបន្ទាត់នយោបាយការបរទេសរបស់ខ្លួន គឺអព្យាក្រឹត្យ ឯករាជ្យ ផ្អែកលើច្បាប់ជាតិ អន្តរជាតិ ពង្រឹងទំនាក់ទំនងមិត្តចាស់ និងបង្កើតទំនាក់ទំនងមិត្តថ្មី។ តាមរយៈគោលនយោបាយនេះ បានបង្ហាញពីការគូសវាសយ៉ាងច្បាស់លើនយោបាយការបរទេសកម្ពុជា គឺរាប់រកមិត្តភក្តិបរទេសដោយមិនមានការរើសអើង មិនលំអៀង មិនប្រកាន់ប្រទេសតូច ឬប្រទេសធំ ពោលកម្ពុជាមានឆន្ទៈបង្កើតមិត្តឱ្យកាន់តែច្រើន ដើម្បីគោលដៅ ប្រយោជន៍ធំផ្នែកសេដ្ឋកិច្ច ដែលជាឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជន។
តាមហេតុផលនេះ គឺស្តែងឱ្យឃើញច្បាស់ថា កម្ពុជាពិតជាបានដាក់ចិត្តដាក់កាយក្នុងការរាប់រកមិត្តភក្តិបរទេសទាំងអស់រាប់ទាំងអាមេរិកផងដែរ។ តែកម្ពុជា ក៏ត្រូវការរក្សានូវឯករាជ្យ អធិបតេយ្យជាតិ របស់ខ្លួន ដោយមិនឱ្យមិត្តភក្តិបរទេសណាមួយមកបំពានធិបតេយ្យ និងឯករាជ្យរបស់ខ្លួនជាដាច់ខាត។
សរុបមកទំនាក់ទំនងរវាងកម្ពុជា និអាមេរិក អាចឈាឆ្ពោះទៅរករាត្រីទឹកឃ្មុំ និងភាពផ្អែមល្ហែម បានគ្រប់ពេលវេលា បើសិនជាអាមេរិក ពិតជាមានសុច្ឆន្ទៈក្នុងការកសាងទំនាក់ទំនងល្អជាមួយកម្ពុជា ឈានឆ្ពោះទៅពង្រីកកិច្ចសហប្រតិបត្តិការទាំងឡាយ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។ តែអាមេរិក ក៏ត្រូវតែដឹងថា កម្ពុជា ជាប្រទេសមួយឯករាជ្យ មានអធិបតេយ្យភាពជាតិ ដែលមិនអាចប្រើអំណាចមកបង្គាប់បញ្ជាឱ្យកម្ពុជា ធ្វើនេះធ្វើនោះតាមរបៀបវារៈរយោបាយរបស់ខ្លួននោះឡើយ៕
ដោយ៖ វ៉ាន់ សារាយ