(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ផាតទ្រី មូហ្វី ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បានឯកភាពគ្នា​ពន្លឿន​នីតិវិធីនានា ដើម្បីទទួលពលរដ្ឋខ្មែរ​ដែល​បញ្ជូនពីអាមេរិក និង​សម្របសម្រួលកិច្ចការពាក់ព័ន្ធការរុករកអដ្ឋិធាតុទាហាន​របស់អាមេរិក​ពលីជីវិតក្នុងពេលសង្គ្រាម។

ការឯកភាពនេះបានធ្វើឡើងនៅក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកឯកអគ្គរដ្ឋទូតអាមេរិក នៅវិមានសន្តិភាពនាព្រឹកថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ។

យោងតាមក្រុមអ្នកនាំពាក្យខុទ្ទកាល័យសម្តេចធិបតី បានឱ្យដឹងថា នៅក្នុងជំនួបនោះ សម្តេចធិប​តី ហ៊ុន ម៉ាណែត បានស្វាគមន៍លោកឯកអគ្គ​រដ្ឋ​ទូត និងសហការី ព្រមទាំងបាន​ជម្រាបពីលទ្ធផល​ល្អ ដែលសម្តេចធិបតី និងគណៈប្រតិភូកម្ពុជា ទទួលបានពី​ជំនួប​ទ្វេភាគីនានា នៅទីក្រុងញូវយ៉ក។ ជាពិសេសជំនួបទ្វេភាគីជាមួយលោកស្រី វ៉ិចតូរីយ៉ា នូលែន (Victoria Nuland) អនុរដ្ឋមន្ត្រីស្តីទី​នៃក្រសួងការបរទេសសហរដ្ឋអាមេរិក។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ​រដ្ឋាភិបាល​អាមេ​រិក ដែលបានផ្តល់ជូនឡើងវិញ នូវជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ ១៨លានដុល្លារអាមេរិក តាម​រយៈ​ទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។ ប្រាក់ជំនួយដែលត្រូវបានផ្តល់​ជូន​ឡើងវិញនេះ នឹងត្រូវយកទៅប្រើប្រាស់នៅក្នុងវិស័យសំខាន់ៗ ដូចជា៖ (១) ការកែលម្អការផ្ដល់​សេវា​សុខាភិបាលទាំងក្នុងផ្នែករដ្ឋ និងផ្នែកឯកជន, (២) ការការពារបរិស្ថានប្រកបដោយចិរភាព, (៣) ការការពារ និងការប្រយុទ្ធនឹងជំងឺរបេង និង (៤) ការបណ្ដុះបណ្ដាលផ្នែកសហគ្រិន​ភាពដល់​យុវជនកម្ពុជាជាដើម។

ពាក់ព័ន្ធការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ, ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបន្តសម្របសម្រួល និង​សហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅគ្រប់ជំហាននៃនីតិវិធី ពោលគឺ៖ (១) ពន្លឿននីតិវិធីក្នុងការ​កំណត់អត្តសញ្ញាណ និងការរៀបចំបញ្ជូនពលរដ្ឋខ្មែរ មកកម្ពុជា, (២) ធ្វើសាមញ្ញកម្មនីតិវិធី នៅ​ពេល​បញ្ជូន និង (៣) រៀបចំផែនការសកម្មភាពនៃការគាំទ្រ និងការធ្វីសមាហរណកម្ម សម្រាប់​ឱ្យ​ពល​រដ្ឋខ្មែរ អាចបន្សុាំ និងអាចធ្វីសមាហរណកម្មទៅក្នុងសង្គមកម្ពុជាវិញ សំដៅកសាងជីវិតថ្មីមួយ ឱ្យបានល្អសមស្របនៅលើទឹកដីកម្ពុជា។

ចំពោះបេសកកម្មស្រាវជ្រាវ និងជីករុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួន (POW/MIA) សម្តេច​ធិបតី ហ៊ុន ម៉ាណែត បានជម្រាបលោកឯកអគ្គរដ្ឋទូតថា រាជរដ្ឋាភិបាល​កម្ពុជា បានយកចិត្ត​ទុក​ដាក់​ខ្ពស់ និងបានរៀបចំកែសម្រួលសមាសភាពនៃគណៈកម្មការ POW/MIA ក្នុងការសម្រប​សម្រួល និងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តបេសកកម្មស្រាវជ្រាវ និង ជីករុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួន ឱ្យបានរហ័សទាន់ពេល និងជោគជ័យ ប្រកបដោយ​កាយ​វិការនៃការគោរព និងស្រឡាញ់ ចំពោះក្រុមគ្រួសារនៃយុទ្ធជនដែលបានបាត់ខ្លួន។

ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សា និងបន្តកិច្ចប្រតិបត្តិការនៅក្នុងវិស័យផ្សេងទៀត ដែល​ប្រទេស​​ទាំងពីរកំពុងយកចិត្តទុកដាក់បំផុត។

សម្តេចធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី​កម្ពុជា​-សហ​រដ្ឋអាមេរិកនាពេលកន្លងមក។ ភាគីទាំងពីរ ក៏បានប្តេជ្ញាចិត្តផងដែរ ក្នុងបន្តនូវកិច្ចសហប្រតិ​បត្តិ​ជា​មួយគ្នា ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត សម្រាប់ជាឧត្តមប្រយោជន៍នៃប្រទេសទាំងពីរ៕