(ភ្នំពេញ)៖ ក្រុមហ៊ុនធំៗចំនួន៦ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតសរុបចំនួន៣៩៩ កន្លែង សម្រាប់យុវជនសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ក្នុងវេទិកាការងារប្រចាំខែរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ចំពោះ យុវជន សិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨៖០០ព្រឹក ដល់ម៉ោង ០៥៖០០ល្ងាច នៅអគារ NEA ស្ថិតក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ស្អែកនេះ។

នាឱកាសនេះដែរ កញ្ញា វណ្ណា នារីរ័ត្ន មន្ត្រីជ្រើសរើសបុគ្គលិកធនាគារ Woori បានលើកឡើងថា ភាពរីកចម្រើនរបស់ធនាគារយើង បានធ្វើឱ្យនាគារមានតម្រូវការបុគ្គលិកជាច្រើន។ជាមួយគ្នានោះការសហការជាមួយនឹង NEA ក្នុងការជ្រើសរើសបុគ្គលិជាច្រើនលើកច្រើនសារ គឺជាផ្នែកមួយក្នុងការជួយដល់ធនាគារឱ្យអាចជ្រើសរើសបុគ្គលិក បានយ៉ាងឆាប់រហ័សនឹងទាន់ពេលវេលា។  កញ្ញាបញ្ជាក់បន្តថា៖ «NEA ពិតជាដើរតួនាទីយ៉ាងសំខាន់ដើម្បីជួយដល់ក្រុមហ៊ុនក្នុងការជ្រើសរើសបុគ្គលិកកន្លងមក»

កញ្ញា វណ្ណា នារីរ័ត្ន បានអំពាវនាវដល់អ្នកស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ ពិសេសសិស្ស/និស្សិត ដែលនឹងមកចូលរួមក្នុងវេទិកាការងារ នាពេលខាងមុខ សូមរៀបចំខ្លួនឱ្យបានសមរម្យ និងត្រៀមប្រវត្តិរូបសង្ខេបឱ្យបានច្រើន ព្រោះនឹងមានក្រុមហ៊ុនជាច្រើនដែលនឹងចូលរួមក្នុងវេទិកាការងារនេះផងដែរ។

សូមជម្រាបថា ក្រុមហ៊ុនធំៗទាំង៦ ក្នុងនោះរួមមាន៖ ក្រុមហ៊ុន VCAM FASHION គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន ម.ក ក្រុមហ៊ុន MR Training ក្រុមហ៊ុន ម៉ាស្ទ័រស៊ុគីស៊ុប ធនាគារ WOORI និងមីក្រូហិរញ្ញវត្ថុ AMK។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh  និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕