(កំពង់ចាម)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាស្ដីពី «ការអនុវត្តប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន ឆ្ពោះទៅរកបរិវត្តកម្មការអប់រំឌីជីថល»

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តកំពង់ចាម មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម ក្រុមហ៊ុនមិត្តហ្វូន និងអង្គការមិនមែនរដ្ឋាភិបាល ប្រចាំខេត្តកំពង់ចាម សរុបចំនួន ១៥៩នាក់។

សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងបើកឱកាសសម្រាប់អ្នកសម្រេចចិត្តគោលនយោបាយ អ្នកអនុវត្តគោលនយោបាយ អាជ្ញាធរដែនដី និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឈ្វេងយល់ពីអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធ SIS ពិនិត្យវឌ្ឍនភាព និងទិសដៅបន្តក្នុងការអនុវត្តប្រព័ន្ធ SIS នៅក្នុងខេត្តកំពង់ចាម។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានមហិច្ឆតាប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០។ ដោយសង្កេតឃើញថាភាពជឿនលឿន នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានផ្តល់នូវសក្តានុពលជាច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សម្ដេចធិបតី បានសម្រេចផ្ដល់អាទិភាពទៅលើការអប់រំឌីជីថល និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលតាមសាលារៀន តាមរយៈការបញ្ចូលទៅក្នុងបញ្ចកោណទី១ «ការអភិវឌ្ឍធនធានមនុស្ស» និងមុំទី១ «ការពង្រឹងគុណភាពអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា»

ដើម្បីឆ្លើយតបនឹងការអនុវត្តយុទ្ធសាស្រ្តថ្មីរបស់រាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់ប្រព័ន្ធអប់រំផ្ដោតលើការលើកកម្ពស់គុណភាពអប់រំ ដែលសំដៅលើការកសាងមូលធនមនុស្សប្រកប ដោយសក្តានុពលពេញលេញ តាមរយៈដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រជាច្រើន ក្នុងនោះបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ក្នុងវិស័យអប់រំ មានគោលនយោបាយចំនួនប្រាំបីចំណុច។

ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន បានលើកឡើងថា ដើម្បីធ្វើឱ្យគោលនយោបាយនេះដំណើររការបានទៅដោយរលូន ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតប្រព័ន្ធព័ត៌មានឌីជីថលមួយចំនួនដូចជា៖ ប្រព័ន្ធគ្រប់គ្រងព័ត៌មានអប់រំ កម្មវិធីគ្រប់គ្រងបុគ្គលិក ប្រព័ន្ធចែកចាយសៀវភៅសិក្សាសាលារៀន ប្រព័ន្ធគ្រប់គ្រងអាហារូបករណ៍ ប្រព័ន្ធតាមដានព័ត៌មាននិស្សិត ប្រព័ន្ធតាមដានសាលា ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន SIS និងប្រព័ន្ធគ្រប់គ្រងបណ្ណាល័យជាដើម។

ឧបនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា ក្រោមការសហការរវាងក្រសួងអប់រំ យុវជន និងកីឡាជាមួយក្រុមហ៊ុនមិត្តហ្វូន ចាប់ពីឆ្នាំ២០២០ បានដាក់ឱ្យប្រើប្រាស់សាកល្បងប្រព័ន្ធព័ត៌មានគ្រប់គ្រងសាលារៀន (SIS) នៅកម្រិតវិទ្យាល័យ ហើយមកទល់បច្ចុប្បន្ននេះ មានសាលារៀនចំនួន២៦៦ សាលា នៅទូទាំងប្រទេសបាន និងកំពុងប្រើប្រាស់ប្រព័ន្ធ SIS នេះ។ តាមរយៈការប្រើប្រាស់ប្រព័ន្ធនេះ យើងសង្កេតឃើញថាបានផ្ដល់នៅអត្ថប្រយោជន៍ជាច្រើន ដូចជាមុខងារការគ្រប់គ្រងព័ត៌មានសាលារៀន ការសិក្សាតាមអេឡេចត្រូនិច ការទំនាក់ទំនង និងព័ត៌មាននានាសម្រាប់ធ្វើសេចក្ដីសម្រេចចិត្ត ដែលបង្កភាពងាយស្រួលសម្រាប់ការប្រើប្រាស់ និងគ្រប់គ្រង។

បន្ថែមពីនេះទៅទៀត ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន បានស្នើសុំភាគីពាក់ព័ន្ធទាំងអស់ ចូលរួមគាំទ្រក្នុងការពង្រីកការអនុវត្តប្រព័ន្ធព័ត៌មានសាលារៀននេះ ឱ្យបានដល់សាលារៀនគ្រប់កម្រិត នៅក្នុងខេត្តកំពង់ចាម។ ជាពិសេស ជាសំណូមពររបស់ក្រសួងអប់រំ យុវជន និងកីឡា ស្នើសុំឱ្យក្រុមហ៊ុនមិត្តហ្វូន បញ្ចូលគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូចូលទៅក្នុងគម្រោងរួមមាន៖ វិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ វិទ្យាស្ថានគរុកោសល្យបាត់ដំបង មជ្ឈមណ្ឌលភូមិភាគទាំង៤ នៅខេត្តតាកែវ ព្រៃវែង កណ្ដាល និងខេត្តកំពង់ចាម និងសាលាគរុកោសល្យ និងវិក្រឹតការចំនួន ១៥ ខេត្ត ដើម្បីបង្កភាពងាយស្រួលក្នុងការប្រើប្រាស់ប្រព័ន្ធនេះបន្ទាប់ពីគរុសិស្ស គរុនិសិ្សត ចេញបម្រើការតាមសាលា និងគ្រឹះស្ថានអប់រំនានា ក្រោយការបញ្ចប់ការសិក្សា។

ឆ្លៀតក្នុងឱកាសនេះ ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល ជាពិសេស ក្រុមហ៊ុនមិត្តហ្វូន ដែលបានគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធ ជំរុញលើកទឹកចិត្ត និងផ្ដល់ជាបច្ចេកទេសជាបន្តបន្ទាប់ដល់អ្នកកាន់ប្រព័ន្ធ លោកគ្រូ អ្នកគ្រូ ដែលបង្កលក្ខណៈងាយស្រួលដល់សាលារៀនក្នុងការប្រើប្រាស់ប្រព័ន្ធ SIS នេះ បានជោគជ័យ៕