(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ជូនប្រជាពលរដ្ឋភូមិខ្សុំ និងភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ចំនួន២,៩៨៨គ្រួសារ។

នាឱកាសនោះ លោកអភិបាលខេត្តលើកឡើងថា មន្ត្រីពាក់ព័ន្ធមិនត្រូវបង្កភាពស្មុគស្មាញ កិកកុករកលុយកាក់ពីប្រជាពលរដ្ឋឡើយ។

លោក គង់ សោភ័ណ្ឌ បានបន្ថែមថា មន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីខេត្ត រួមជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចេញវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ដល់ប្រជាពលរដ្ឋ ដូច្នេះគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការផ្ដល់សេវា និងសម្រួលដល់ប្រជាពលរដ្ឋឱ្យឆាប់ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានទាន់ពេលវេលា។

លោក សុខ កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា គិតមកដល់ពេលនេះ រដ្ឋបាលខេត្តកណ្ដាលបានធ្វើការចែកបណ្ណជូនប្រជាពលរដ្ឋសរុបចំនួន ២០០លើក ស្មើនឹង ៣២២,១៣៣បណ្ណ ហើយថ្ងៃនេះគឺជាលើកទី២០១ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្ដល់ជូនប្រជាពលរដ្ឋមកពី ភូមិខ្សុំ និងភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ សរុបចំនួន ២,៩៨៨បណ្ណ ស្មើនឹង១៩៨១គ្រួសារ ក្នុងនោះភូមិខ្សុំ មាន ១,៥៦៨បណ្ណ ស្មើនឹង១,០៦០គ្រួសារ និងភូមិអង្គរជ័យ មាន ១,៤២០បណ្ណ ស្មើនឹង ៩២១គ្រួសារ៕