(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំប្រតិភូក្រសួង និងមន្រ្ដីបច្ចេកទេសនៃនាយកដ្ឋានផ្លូវលំជនបទ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីជំនាញ ព្រមទាំងពិនិត្យមន្ទីរពិសោធន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃសាលា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្ដី និងប្រតិភូអមដំណើរបានត្រួតពិនិត្យមើលដំណើរការទូទៅរបស់មន្ទីរពិសោធន៍ ដោយក្នុងនោះមាន៖ សម្ភារៈ និងឧបករណ៍សម្រាប់ធ្វើពិសោធន៍ បន្ទប់ពិសោធន៍ និងសំណាកផ្សេងៗ ដែលជាចំណែកមួយនៃមន្ទីរពិសោធន៍។

លោករដ្ឋមន្រ្ដីបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្រ្ដីជំនាញទាំងអស់ ព្រមទាំងបានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្ដីបច្ចេកទេសទាំងអស់ដែលកំពុងបំពេញការងារនៅមន្ទីរពិសោធន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ។

លោករដ្ឋមន្ត្រីបានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្ដីទាំងអស់ត្រូវខិតខំបំពេញភារកិច្ចរបស់ខ្លួនឱ្យកាន់តែល្អប្រសើរបន្ថែម ដើម្បីពង្រឹងដល់ការស្ថាបនាហេដ្ឋារចនាសម្ពន្ធរូបវន្ដនៅជនបទ និងត្រូវរួមគ្នាថែរក្សាសម្ភារដែលមានស្រាប់ឱ្យបានល្អ និងស្ថិតស្ថិរយូរអង្វែង។

សូមបញ្ជាក់ថា មន្ទីរពិសោធន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់សម្រាប់ធ្វើការពិសោធលើគុណភាពដី ថ្ម បេតុង ដែក កៅស៊ូ ខ្សាច់ជាដើម ដើម្បីពង្រឹងគុណភាពសំណង់ផ្លូវថ្នល់ និងសំណង់សិល្បការ្យដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ៕