(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង បានជូនដំណឹងថា ខេត្តស្វាយរៀងនឹងរៀបចំពិធីប្រណាំងទូកខ្នាតអន្តរជាតិ និងទូកក្ដារបីសន្លឹក នៅទន្លេវ៉ៃគោ នៅថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរ និងបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋបានទស្សនាកម្សាន្ត។

ដើម្បីឱ្យពិធីប្រណាំងទូកនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀងនាឆ្នាំនេះ ប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ និងមានភាពអធិកអធម រដ្ឋបាលខេត្តស្វាយរៀង សូមជម្រាប ជូនដល់សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា និងមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ លោក លោកស្រី ដែលមានទូកខ្នាតអន្តរជាតិ និងទូកក្ដារបីសន្លឹក ចង់ចូលរួមប្រណាំង សូមអញ្ជើញមកចុះឈ្មោះចូលរួមប្រណាំងនៅមន្ទីរទេសចរណ៍ខេត្ត ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ នៅរៀងរាល់ម៉ោងធ្វើការ ឬតាមរយៈទូរសព្ទលេខ ០១១ ៩៨៧ ៨៩៦។

រដ្ឋបាលខេត្ត មានសេចក្តីសង្ឃឹមជឿជាក់ថាសម្ដេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិតជាមានការសហការគាំទ្រ និងអញ្ជើញចូល រួមទស្សនាឱ្យបានច្រើនកុះករ ដើម្បីញ៉ាំងឱ្យពិធីប្រណាំងទូកនៅខេត្តស្វាយរៀងនាឆ្នាំនេះ ប្រព្រឹត្ត ទៅក្នុងបរិយាកាសសប្បាយរីករាយ មានភាពអធិកអធម និងទទួលបានជោគជ័យ៕