(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប និងគណៈកម្មាធិការជាតិជម្រុញចលនាភូមិមួយផលិតផលមួយ បានបើកសម្ពោធពិព័រណ៍ «ភូមិមួយផលិតផលមួយ» ដើម្បីជួយបង្កើនទំនុកចិត្តប្រជាពលរដ្ឋខ្មែរ លើការប្រើប្រាស់ផលិតផល ក្នុងស្រុក នៅល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមវត្តមានរបស់លោក ផល សុជាតិ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិជម្រុញចលនាភូមិមួយផលិតផលមួយ និងលោក យុន លីនណេ អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងអាជីវករលក់ផលិតផលខ្មែរ ដែលមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ លោក យុន លីនណេ បានថ្លែងអំណរគុណចំពោះគណៈកម្មាធិការជាតិជម្រុញចលនាភូមិមួយផលិតផលមួយនៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានរៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ ព្រមទាំងការតាំងបង្ហាញផលិតផលក្នុងស្រុក ក្រោមគម្រោងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាសធុនមីក្រូតូច និងមធ្យម ដើម្បីឲ្យអ្នកផលិត និងអ្នកទិញ បានជួបគ្នានឹងធ្វើបទបង្ហាញពីផលិតផលរបស់ខ្លួន និងការរកទីផ្សារផលិតផលក្នុងស្រុក ព្រមទាំងការចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋានឲ្យចូលជាសមាជិកចលនាភូមិមួយផលិតផលមួយ និងអង្គភាព-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកគណៈកម្មាធិការជាតិជម្រុញចលនាភូមិមួយផលិតផលមួយ។

លោក យុន លីនណេ បានបន្តថា ដើម្បីអនុវត្តការងារឲ្យទទួលបានលទ្ធផលល្អប្រសើរ ក្នុងន័យចូលរួមផ្សព្វផ្សាយ ជម្រុញ និងចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋានឲ្យចូលជាសមាជិកចលនាភូមិ១ផលិតផល១ ព្រមទាំងអភិវឌ្ឍន៍ធនធានមនុស្សទាក់ទងនឹងការជម្រុញចលនាភូមិ១ ផលិតផល១ នៅថ្នាក់ខេត្ត ដើម្បីទទួលបានចំណេះដឹង បទពិសោធន៍ ចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយចំណាកស្រុក លើកកម្ពស់ជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាជនតាមសហគមន៍ផង​ដែរ។

លោក ផល សុជាតិ បានលើកឡើងថា គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ បានបង្កើតអស់រយៈពេល១៦ឆ្នាំហើយ ដោយសម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ជាខ្លាំងលើចលនាភូមិមួយ ផលិតផលមួយ ព្រោះវាអាចជួយធ្វើឲ្យសេដ្ឋកិច្ចមូលដ្ឋានល្អ។ លោកបន្តថា គណៈកម្មាធិការជាតិជម្រុញចលនាភូមិមួយផលិតផលមួយ ក៏បានរៀបចំកសាងឯកសារគតិយុត្តិសំខាន់ៗ និងគោលនយោបាយមួយចំនួនទៀត ក្នុងនោះដែរ បានរៀបចំឡើងវិញនូវគោលនយោបាយជាតិ ស្តីពីការជម្រុញចលនាភូមិមួយផលិតផលមួយឆ្នាំ២០១៦-២០២៦ និងបានកសាងផែនការយុទ្ឋសាស្ត្រជាតិជម្រុញចលនាភូមិមួយផលិតផលមួយលើកទី១ ឆ្នាំ២០១៩-២០២៣។

លោកបានបន្តទៀតថា នៅចុងឆ្នាំ២០២១ គណៈកម្មាធិការជាតិជម្រុញចលនាភូមិមួយ ផលិតផលមួយបានចប់ដំណាក់កាលទី១ នៃចលនាភូមិមួយ ផលិតផលមួយនិងនៅឆ្នាំ២០២១ ដែលមានខេត្តចំនួន១០ ចងក្រងបាន១២០ផលិតផល នៅឆ្នាំ២០២២ ទាំង២៥ រាជធានី/ខេត្ត ចងក្រងបាន៦០០ផលិតផល ដោយឡែកខេត្តសៀមរាប មាន៤២ផលិតផលផង​ដែរ។

លោក ផល សុជាតិ បានបញ្ជាក់ថា ភូមិមួយ ផលិតផលមួយទាមទារឲ្យមានការចូលរួមយ៉ាងសកម្មពីក្រសួង អង្គភាព មន្ទីរស្ថាប័នពាក់ព័ន្ឋ ធ្វើយ៉ាងណាជម្រុញឲ្យមានការអភិវឌ្ឍផលិតផលថ្មីៗ ក៏ដូចជា ពង្រឹងគុណភាព និងសមត្ថភាពពាណិជ្ជកម្មនៃផលិតផលដែលមានស្រាប់ នេះជាគោលការណ៍គ្រឹះ ជាគោលដៅដែលយើងចង់បានសំដៅធ្វើឲ្យទទួលបាននូវផលិតផលមានភាពសម្បូរបែប ក្នុងយុទ្ធសាសន៍បញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នេះផងដែរ៕