(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តព្រៃវែង ចូលរួមគោរពវិញ្ញាណក្ខន្ធព្រះសពព្រះវិជិតសោភ័ណ រុង រឿង ព្រះរាជាគណ:ថ្នាក់កិត្តិយស ព្រះគ្រូអនុគណស្រុកពោធិ៍រៀង និងជាព្រះចៅអធិការវត្តច័ន្ទគ្រឹស្នា (ហៅវត្តពោធិ៍រៀងជើង) ដែលបានទទួលព្រះអនិច្ចធម្ម នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១:០១នាទីរសៀល ក្នុងព្រះជន្មាយុ ៧៣ព្រះវស្សា ដោយព្រះរោគាពាធ។

លោក សួន សុម៉ាលីន បានថ្លែងថា តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រៃវែង ពិតជាមានក្តីរន្ធត់ក្តុកក្តួលរំជួលចិត្តដ៏ក្រៀមក្រំជាទីបំផុត ជាមួយ ព្រះមន្ត្រីសង្ឃសាលាគណស្រុកពោធិ៍រៀង និងក្រុមគ្រួសារព្រះសព ចំពោះព្រះអនិច្ចអធ្ម ព្រះវិជិតសោភ័ណ រុង រឿង ព្រះរាជាគណៈកិត្តិយស និងជាព្រះគ្រូធម្មមង្គលមុនី ព្រះអនុគណស្រុកពោធិ៍រៀង កាលពីវេលាម៉ោង ១:០១នាទីរសៀល ថ្ងៃអាទិត្យ ១០កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងព្រះជន្មាយុ ៧៣ព្រះវស្សា ដោយព្រះរោគាពាធ។

ដំណឹងដ៏រន្ធត់ក្ដុកក្ដួលក្រៀមក្រំជាទីបំផុតនេះ លោកអភិបាលខេត្ត សូមចូលរួមរំលែកទុក្ខដ៏សង្វេគសោកស្ដាយ អាឡោះអាល័យជាទីបំផុត នៃការយាងទទួលព្រះអនិច្ចធម្ម ព្រះវិជិតសោភ័ណ រុង រឿង ដែលព្រះអង្គ បានបូជាព្រះកាយ ក្នុងមួយព្រះជន្មរបស់ព្រះអង្គ ឧទ្ទិសដើម្បីព្រះពុទ្ធសាសនាបានគង់វង្ស និងចម្រើនរុងរឿង ពុទ្ធបរិស័ទចូលរួមគោរព ប្រតិបត្តិតាមគន្លងឱវាទ ហើយព្រះអង្គបានបន្សល់ទុកនូវស្នាព្រះហស្ថជាច្រើនឥត គណនាទាំងពុទ្ធចក្រ និងអណាចក ជាពិសេសគឺជាការបាត់បង់បងប្អូន ដែលជាទីគោរពស្រលាញ់សម្រាប់ក្រុមគ្រួសារ។

ស្ថិតក្នុងសមានទុក្ខដ៏សោកសង្រេងយ៉ាងក្រៃលែងនេះ លោកអភិបាលខេត្ត សូមឧទ្ទិសថ្វាយព្រះរាជកុសល ដល់ដួងព្រះវិញ្ញាណក្ខន្ធ ព្រះវិជិតសោភ័ណ រុងរឿង សូមនិមន្តទៅសោយសុខក្នុងឋានព្រះបរមសុខជានិច្ចនិរន្ត តរៀងទៅ។ សូមព្រះមន្ត្រីសង្ឃសាលាគណស្រុកពោធិ៍រៀង និងក្រុមគ្រួសារព្រះសព មេត្តាទទួលនូវអភិវន្ទនកិច្ច ពីយើងខ្ញុំ ព្រះករុណាទាំងអស់គ្នា៕