(ភ្នំពេញ)៖ កញ្ញា Shomi Kim តំណាងប្រចាំប្រទេស នៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បានអបអរចំពោះជោគជ័យក្នុងជំហានទី១ ដែលក្រសួងសម្រេចបានក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅតាមសាលារៀន ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។

ក្នុងឱកាសទទួលបានការអនុញ្ញាតជួបសម្តែងការគួរសម ជាមួយលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ កញ្ញា Shomi Kim បានលើកឡើងថា វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល នឹងចូលរួមគាំទ្រលើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះ តាមរយៈការផលិតជីវប្លាស្ទិក (Bio degradable plastic) និងការពង្រឹងកិច្ចសហប្រតិបត្តិរវាងក្រសួងបរិស្ថាន និង វិទ្យាស្ថាន GGGI ឱ្យកាន់តែល្អប្រសើរ ថែមទៀត។

ក្នុងឱកាសននេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល ដែលបានសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន ក្នុងការគាំទ្រដល់ការគ្រប់គ្រងវិស័យបរិស្ថាន ចាប់ពីឆ្នាំ២០១២ រហូតដល់ពេលបច្ចុប្បន្ននេះ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា ក្រសួងបាននឹងកំពុងអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក លើប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ជាមួយនឹងសិស្សានុសិស្សប្រមាណជាង ១លាននាក់ហើយ នៅតាមសាលារៀនជាង១០០០ ក្នុងប្រទេសកម្ពុជា។ ជាជំហានបន្ទាប់ក្រសួង នឹងបន្តយុទ្ធនាការនេះជាមួយបណ្តារោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជនថែមទៀត។

លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះការគាំទ្រ ក្នុងភាពជាដៃគូ ហើយក្រសួងនឹងបន្តក្នុងភាពជាម្ចាស់ នៃយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីសម្រេចបានគោលដៅរួមគ្នា ជាមួយវិទ្យាស្ថានអភិវឌ្ឍបៃតងសកល ចូលរួមចំណែក អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានដាក់ចេញ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព៕