(ភ្នំពេញ)៖ រយៈពេល៨ខែ ឆ្នាំ២០២៣ កម្ពុជាបានភ្ញៀវទទួលទេសចរអន្តរជាតិជាង ៣.៥លាននាក់ កើនឡើង ២៥០.៨% រីឯភ្ញៀវទេសចរជាតិមានប្រមាណ១២.៣៨លាននាក់ កើនឡើង ៦២.៥% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២។ នេះបើតាមសារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងសារលិខិតដដែលនោះ សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងមួយទសវត្សរ៍ចុងក្រោយនេះ វិស័យទេសចរណ៍កម្ពុជាបានរីកលូតលាស់គួរជាទីមោទកៈ។ ប៉ុន្តែជាអកុសល ការរីកចម្រើនវិស័យនេះត្រូវបានបង្អាក់ស្ទើរ តែទាំងស្រុង ក្នុងរយៈពេលជាង៣ឆ្នាំចុងក្រោយ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ដែលបានជះឥទ្ធិពលអវិជ្ជមាន និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅទូទាំងសកលលោក។ ជាការកត់សម្គាល់ វិស័យទេសចរណ៍បានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដែលបានដាក់សម្ពាធយ៉ាងខ្លាំងដល់ប្រតិបត្តិករជាច្រើននៅក្នុងវិស័យនេះ។

ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កម្ពុជាបានក្លាយជាប្រទេសដំបូងគេនៅក្នុងតំបន់ ដែលបានបើកប្រទេសពេញលេញលើគ្រប់វិស័យប្រកបដោយសុវត្ថិភាព ដោយផ្តល់នូវភាពអំណោយផល ដល់ការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាឱ្យងើបឡើងវិញនៅក្នុងល្បឿនលឿនគួរឱ្យកត់សម្គាល់។ ជាលទ្ធផល រយៈពេល៨ខែ ឆ្នាំ២០២៣ កម្ពុជាបានភ្ញៀវទទួលទេសចរអន្តរជាតិជាង៣.៥លាននាក់ កើនឡើង ២៥០.៨% រីឯភ្ញៀវទេសចរជាតិមានប្រមាណ១២.៣៨លាននាក់ កើនឡើង ៦២.៥% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។

សម្ដេចធិបតីបានបន្តថា ឆ្នាំ២០២៣នេះ ក្រោមយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023) កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិប្រមាណ៥លាននាក់ កើនឡើង ១២០% និងទេសចរជាតិប្រមាណ១៧លាននាក់ និងឆ្នាំ២០២៨ ទេសចរអន្តរជាតិអាចកើនដល់៨លាននាក់។ ការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា ក៏មានការចូលចំណែកពីវិស័យនានា ជាពិសេសការចូលរួមចំណែកយ៉ាងសកម្មពីភាគីពាក់ព័ន្ធក្នុងការអនុវត្តផែនទីចង្អុលផ្លូវនៃផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងអំឡុងពេលនិងក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ក៏ដូចជាផែនការយុទ្ធសាស្ត្រនានាដែលបានដាក់ចេញនាពេលកន្លងមក៕