(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ​តាមរយៈសារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង» បានផ្ដល់អនុសាសន៍ ៥ចំណុចដល់ក្រសួងទេសចរណ៍ ក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ ដើម្បីរួមគ្នាលើកស្ទួយវិស័យទេសចរណ៍ជាតិ និងបង្កើនភាពទាក់ទាញសម្រាប់គោលដៅកម្ពុជា។

គួរជម្រាបថា ទិវាទេសសចរណ៍ពិភពលោកឆ្នាំ២០២៣នេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង» ខណៈសម្ដេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានចេញសារលិខិតអបអរសាទរមួយយ៉ាងពិសេសផងដែរ។

ក្នុងសារលិខិតនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្តេជ្ញាបន្តនូវវីរភាពគំរូរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបន្តស្តារ លើកស្ទួយ និងអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីឈានទៅសម្រេច បាននូវចក្ខុវិស័យទេសចរណ៍គ្រប់ជ្រុងជ្រោយមួយ ស្តីពីការលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា តាមរយៈការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍សកលឈានមុខ ប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ។

ជាមួយគ្នានោះ សម្ដេចធិបតីបានផ្ដល់អនុសាសន៍៥ចំណុចដល់ក្រសួងទេសចរណ៍ ក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ ដើម្បីរួមគ្នាលើកស្ទួយវិស័យទេសចរណ៍ជាតិ និងបង្កើនភាពទាក់ទាញសម្រាប់គោលដៅកម្ពុជា រួមមាន៖

*ទី១៖ ត្រូវបង្កើនការវិនិយោគ និងបន្តកសាងមូលធនមនុស្សបន្ថែមទៀត រាប់ទាំងការគិតគូរកម្មវិធីសិក្សាប្រកបដោយភាពច្នៃប្រឌិត និងភាពរស់រវើក ធានាឱ្យបានអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍មានសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ ដែលអាចសម្របខ្លួនបានទៅនឹងការប្រែប្រួលនាពេលអនាគត និងរក្សាបាននូវឧត្តមភាពប្រកួតប្រជែងខ្ពស់របស់កម្ពុជានៅក្នុងតំបន់ និងសកលលោក។ ក្នុងន័យនេះ ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ផ្នែកឯកជនសូមជួយសហការគាំទ្រដល់ក្រសួងទេសចរណ៍ក្នុងការបន្តពង្រឹងការអនុវត្តផែនការអភិវឌ្ឍន៍ធនធានមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញ ទេសចរណ៍ដល់បុគ្គលបម្រើការងារក្នុងសេវាកម្មទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ភាពជោគជ័យនៃការទាក់ទាញ និងការរក្សាបាននូវទេពកោសល្យក្នុងវិស័យទេសចរណ៍នឹងចូលរួមជំរុញដល់យុទ្ធសាស្ត្រ ពិពិធកម្មទេសចរណ៍ ការអភិវឌ្ឍសេដ្ឋកិច្ចច្នៃប្រឌិត ការចូលរួមការពារ និងអភិរក្សសម្បត្តិវប្បធម៌ ធម្មជាតិ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ។

*ទី២៖ ត្រូវបង្កើនការវិនិយោគ លើកកម្ពស់ប្រសិទ្ធភាព នៃការគ្រប់គ្រង និងការអភិវឌ្ឍទេសចរណ៍ ស្របតាមចក្ខុវិស័យឆ្ពោះទៅគោលដៅអនាគតនៃទេសចរណ៍កម្ពុជា ស្អាត បៃតង និងចីរភាព។ ក្នុងបរិការណ៍នេះសូមក្រសួង ទេសចរណ៍ ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនជំរុញការអនុវត្តស្តង់ដាសណ្ឋាគារបៃតងអាស៊ាន និងឈានទៅបង្កើតស្តង់ដាបៃតងសម្រាប់សេវាទេសចរណ៍នានា សំដៅចូលរួមសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាពរបស់អង្គការសហប្រជាជាតិ។

*ទី៣៖ ត្រូវបង្កើនការវិនិយោគដើម្បីវិបុលភាពរួម តាមរយៈការជំរុញបរិវត្តកម្មឌីជីថល នវានុវត្តន៍ និងសហគ្រិនភាព ក៏ដូចជាការបង្កើនភាពទាញយកផលប្រយោជន៍ជាអតិបរមាពីវិស័យទេសចរណ៍។ ការណ៍នេះ កម្ពុជាត្រូវធ្វើយ៉ាងណាធានាឱ្យបាននូវបរិយាបន្នក្នុងការបែងចែកផលប្រយោជន៍ពីការអភិវឌ្ឍវិស័យទេសចរណ៍ តាមរយៈភាពជាដៃគូចតុភាគី «រដ្ឋ-ឯកជន-ប្រជាពលរដ្ឋ-ដៃគូអភិវឌ្ឍន៍» និងគាំទ្រដល់សកម្មភាពធុរកិច្ច សហគ្រាសមីក្រូ តូច និងមធ្យម និងបុគ្គលបម្រើការងារក្នុងសេវាទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

*ទី៤៖ បន្តជំរុញចលនាទេសចរផ្ទៃក្នុងឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត តាមរយៈការជំរុញការអនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» យុទ្ធនាការ «ទស្សនាស្រុកយើង» ក្រោមស្មារតី «ស្រលាញ់ជាតិត្រូវស្គាល់ទឹកដី» យុទ្ធនាការផ្សព្វផ្សាយក្រោមគុណតម្លៃ «ភាពជាខ្មែរ» និងយុទ្ធនាការទេសចរណ៍ដទៃទៀត។

*ទី៥៖ ស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ក្នុងវិស័យទេសចរណ៍ទាំងអស់ផ្ដល់កិច្ចសហការ និងជួយគាំទ្រក្រសួងទេសចរណ៍លើគ្រប់រូបភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការវិវត្តរបស់វិស័យទេសចរណ៍កម្ពុជា និងជំរុញវិស័យនេះឱ្យកាន់មានភាពរស់រវើ ភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ក្នុងគោលដៅបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងកិត្តិនាមកម្ពុជា ផ្សព្វផ្សាយភាពទាក់ទាញទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារទេសចរណ៍សំខាន់ៗ អភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយនវានុវត្តន៍ ភាពច្នៃប្រឌិត ព្រមទាំងអភិវឌ្ឍធនធាននិងគោលដៅទាក់ទាញទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែងខ្ពស់៕