(សហរដ្ឋអាមេរិក)៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នាបូរីញូវយ៉ក លោក អ៊ុច បូររិទ្ធ ទេសរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានចូលរួមថ្លែងសុន្ទរកថាក្នុង «កិច្ចប្រជុំជាន់ខ្ពស់ពេញអង្គ ដើម្បីប្រារព្ធ និងលើកកម្ពស់ទិវាអន្តរជាតិសម្រាប់ការលុបបំបាត់ទាំងស្រុង នូវអាវុធនុយក្លេអ៊ែរ»

នៅក្នុងសុន្ទរកថា លោក អ៊ុច បូររិទ្ធ បានសង្កត់ធ្ងន់ពីតម្រូវការបន្ទាន់ចំពោះគ្រប់ប្រជាជាតិទាំងអស់ រួមទាំងក្រុមប្រទេសដែលមានអាវុធនុយក្លេអ៊ែរ ចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយអត្ថន័យ និងបង្ហាញពីការប្តេជ្ញាចិត្តពិតប្រាកដ ចំពោះការលុបបំបាត់សព្វាវុធ ការមិនរីកសាយភាពសញ្វវុធ និង សន្និសញ្ញាស្តីពី ការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ប្រទេសទាំងអស់ត្រូវខិតខំបន្ថែមទ្វេដង សំដៅសម្រេចគោលបំណងរួម គឺ ពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ»

ក្នុងនាមជាប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជារួមជាមួយនឹងសមាជិកអាស៊ានទាំងអស់ ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្ត «សន្ធិសញ្ញាស្តីពី អាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ» និងផែនការសកម្មភាពរបស់សន្ធិសញ្ញានេះ។ ដោយទទួលស្គាល់ពីសារៈសំខាន់នៃវិធីសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីសម្រេចបាននូវការលុបបំបាត់សញ្វវុធ និងការមិនរីកសាយភាពសញ្វវុធ ប្រទេសកម្ពុជាលើកទឹកចិត្តជាខ្លាំងចំពោះ ក្រុមប្រទេសដែលមានអាវុធនុយក្លេអ៊ែរ ចូលរួមគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដោយធ្វើការចុះហត្ថលេខាលើ «ពិធីសារនៃសន្ធិសញ្ញាស្តីពី អាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ»

នៅចុងបញ្ចប់នៃសុន្ទរកថា លោកទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះឯកសារគោលនយោបាយរបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិស្តីពី «របៀបវារៈថ្មីសម្រាប់សន្តិភាព» ដែលបានចេញផ្សាយ កាលពីខែកក្កដា ឆ្នាំ២០២៣។ ឯកសារនេះត្រួសត្រាយផ្លូវសម្រាប់សហគមន៍អន្តរជាតិ ដើម្បីពង្រឹងបន្ថែមទៀត នូវកិច្ចខិតខំប្រឹងប្រែងពហុភាគី ក្នុងកិច្ចការរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ ដោយផ្អែកលើច្បាប់អន្តរជាតិ៕