(ភ្នំពេញ)៖ ដើម្បីជៀសវាងការយល់ច្រឡំនានាពាក់ព័ន្ធនឹងពន្ធដារ, អគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវដល់សាធារណជន បើមានចម្ងល់ពាក់ព័ន្ធនឹងពន្ធដារ សូមធ្វើការទាក់ទងមកមជ្ឈមណ្ឌលពិគ្រោះយោបល់ (Call center) ទាក់ទងលេខទូរស័ព្ទ ១២៧៧ ដោយឥតគិតថ្លៃ រៀងរាល់ម៉ោងធ្វើការ ឬកម្មវិធីជជែកផ្ទាល់ជាមួយពន្ធដារ GDT Live Chat ។

ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីអគ្គនាយកដ្ឋានពន្ធដារ បានកត់សម្គាល់ឃើញថា ស្ថិតក្នុងស្ថានភាពដែលសាធារណជនមួយចំនួន មានការភាន់ច្រទ្បំអំពីការអនុវត្តពន្ធលើចំណេញមូលធន និងវិធានការប្រមូលចំណូលពន្ធ របស់អគ្គនាយកដ្ឋានពន្ធដារ មានការលើកឡើងមួយចំនួន បានប្រើប្រាស់រូបភាព ឬព្រឹត្តិការណ៍ចាស់ៗ ដែលធ្លាប់មានការភាន់ច្រទ្បំ និងបានបកស្រាយបំភ្លឺរួចជាយូរមកហើយ ឬព័ត៌មានមិនត្រឹមត្រូវ មកប្រើប្រាស់ដើម្បីបំផុសបំផុល ក្នុងចេតនាទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន ឬអូសទាញអ្នកទស្សនា ដែលបង្កឱ្យមានការភាន់ច្រឡំមកលើអគ្គនាយកដ្ឋានពន្ធដារ ក៏ដូចជា រាជរដ្ឋាភិបាល។

អគ្គនាយកដ្ឋានពន្ធដារ សូមអំពាវនាវដល់សាធារណជនទូទៅ សូមចៀសវាងនូវការផ្សព្វផ្សាយជាសាធារណៈ នូវព័ត៌មានទាំងទ្បាយណា ដែលមិនមែនជាការពិត ឬមិនច្បាស់លាស់ ក្នុងចេតនាបំភាន់ និងមួលបង្កាច់រាជរដ្ឋាភិបាល ឬធ្វើឱ្យមានការភាន់ច្រទ្បំណាមួយដល់សាធារណជន។

ក្នុងករណីមានចម្ងល់នានា ពាក់ព័ន្ធនឹងពន្ធដារ សូមធ្វើការទាក់ទងមកមជ្ឈមណ្ឌលពិគ្រោះយោបល់ (Call center) តាមរយៈលេខទូរស័ព្ទ ១២៧៧ ដោយឥតគិតថ្លៃ រៀងរាល់ម៉ោងធ្វើការ ឬកម្មវិធីជជែកផ្ទាល់ជាមួយពន្ធដារ GDT Live Chat៕