(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញចូលគាល់ក្រាបថ្វាយបង្គំ សួរសុខទុក្ខព្រះរាជសុខភាព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា កំពុងសម្រាកព្យាបាលព្រះរោគ នៅមន្ទីរពេទ្យកាល់ម៉ែត។

ឆ្លៀតក្នុងឱកាសនោះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី​បានមានប្រសាសន៍ផ្តាំផ្ញើដល់ក្រុមវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែតបន្តយកចិត្តទុកដាក់ខ្ពស់ ថ្វាយការព្យាបាលជូនសម្តេចព្រះមហាសង្ឃរាជ។

លើសពីនោះលោករដ្ឋមន្ត្រី ក៏បានក្រើនរម្លឹកដល់ក្រុមគ្រូពេទ្យ ត្រូវបន្តខិតខំប្រឹងប្រែងបម្រើសេវាសុខភាព ជូនប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពស់ខ្ពង់របស់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕